នគរបាលជាតិណែនាំពលរដ្ឋកុំចាញ់បោកការអូសទាញផ្តល់ការងារប្រាក់ខែខ្ពស់ពីក្រុមឧក្រិដ្ឋជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នគរបាលជាតិណែនាំពលរដ្ឋកុំចាញ់បោកការអូសទាញផ្តល់ការងារប្រាក់ខែខ្ពស់ពីក្រុមឧក្រិដ្ឋជន

នគរបាលជាតិណែនាំពលរដ្ឋកុំចាញ់បោកការអូសទាញផ្តល់ការងារប្រាក់ខែខ្ពស់ពីក្រុមឧក្រិដ្ឋជន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ នាថ្ងៃពុធនេះ បានចេញសារណែនាំដល់ប្រជាពលរដ្ឋ កុំឱ្យជឿល្បិចបោកប្រាស់របស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា (Online Scam) ដែលឃោសនាផ្ដល់ការងារងាយស្រួល ជាមួយប្រាក់ខែខ្ពស់។

Advertisement

ឯកឧត្តមបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋកុំលង់ជឿការផ្សព្វផ្សាយអំពីការងារដែលអះអាងថាអាចរកចំណូលបានច្រើនដោយងាយ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ដល់ខ្លួនឯង និងគ្រួសារ ខណៈសកម្មភាពពាក់ព័ន្ធនឹងបទល្មើសទាំងនេះក៏មានចែងផ្តន្ទាទោសតាមច្បាប់ផងដែរ។

សារដាស់តឿននេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចសង្កេតឃើញថា ក្រុមឧក្រិដ្ឋជនបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) កំពុងអូសទាញប្រជាពលរដ្ឋខ្មែរ ដោយសន្យាផ្ដល់ប្រាក់ខែចន្លោះពី ៣០០ ដល់ ៦០០ ដុល្លារអាមេរិកក្នុងមួយខែ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានអំពាវនាវថា ប្រសិនបើប្រជាពលរដ្ឋទទួលបានព័ត៌មានពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនទាំងនេះ សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ និងមិនត្រូវចូលរួម ឬប្រព្រឹត្តសកម្មភាពណាមួយពាក់ព័ន្ធនឹងបទល្មើសជាដាច់ខាត។

ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសជាង ១ម៉ឺន៦ពាន់នាក់ ចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធនឹងករណីបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) បន្ទាប់ពីអាជ្ញាធរកម្ពុជាបានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់។ ជនបរទេសទាំងនេះត្រូវបានហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជាវិញឡើយ។

ឯកឧត្តម សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ថ្វីដ្បិតកន្លងមកអាជ្ញាធរបានបង្រ្កាបសំបុករបស់ក្រុមឧក្រិដ្ឋជនបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងសកម្មភាព ប៉ុន្តែនៅតែមានសមាជិកក្រុមឧក្រិដ្ឋកម្មមួយចំនួនបានរត់ចេញពីទីតាំងបោសសម្អាត ដោយបន្តលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ សមត្ថកិច្ចកំពុងស្រាវជ្រាវក្រុមឧក្រិដ្ឋជនទាំងនោះ៕

សៅ សុខអេង

Black glitch effect texture background
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា