កម្ពុជាស្នើឱ្យភាគីថៃអប់រំ និងរឹតបណ្តឹងវិន័យកងកម្លាំងជួរមុខរបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាស្នើឱ្យភាគីថៃអប់រំ និងរឹតបណ្តឹងវិន័យកងកម្លាំងជួរមុខរបស់ខ្លួន

កម្ពុជាស្នើឱ្យភាគីថៃអប់រំ និងរឹតបណ្តឹងវិន័យកងកម្លាំងជួរមុខរបស់ខ្លួន

ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា រីឯគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC) ថៃ។

Advertisement

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច។ កម្ពុជាសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែងនិងខ័ណ្ឌសីមា នៃគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ចំពោះហេតុការណ៍ការបាញ់ និងការបង្កផ្ទុះ ភាគីកម្ពុជាស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។

ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការ ក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយ ដែលអាចនាំទៅដល់ការបង្កហេតុដូចជា ការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម។
 
បន្ថែមពីលើនេះ ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា សំដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធី។

ភាគីកម្ពុជាក៏បានសម្តែងការស្វាគមន៍ចំពោះកិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការ រវាងក្រុមលេខាធិកាដ្ឋានទាំងពីរ ដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីពិភាក្សារិះរកដំណោះស្រាយបញ្ហានានាជាមួយគ្នាដោយសន្តិវិធី និងបានទាន់ពេលវេលា សំដៅបញ្ចៀសការយល់ច្រឡំដោយមិនចាំបាច់ ព្រមទាំងបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា