អឺរ៉ុប ប្រកាសពីកិច្ចព្រមព្រៀងផលិតដ្រូនជាមួយអ៊ុយក្រែន ជាផ្លូវការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ប្រកាសពីកិច្ចព្រមព្រៀងផលិតដ្រូនជាមួយអ៊ុយក្រែន ជាផ្លូវការ

អឺរ៉ុប ប្រកាសពីកិច្ចព្រមព្រៀងផលិតដ្រូនជាមួយអ៊ុយក្រែន ជាផ្លូវការ

កៀវ ៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃពុធ បានប្រកាសពីកិច្ចព្រមព្រៀងលើបច្ចេកវិទ្យា ដ្រូន ជាមួយនឹងប្រទេសអ៊ុយក្រែន ដើម្បីជំរុញការផលិតរួមគ្នា នូវបច្ចេកវិទ្យាសំខាន់សម្រាប់សមរភូមិប្រយុទ្ធប្រភេទនេះ។

Advertisement

ថ្លែងក្នុងពេលមានវត្តមាន ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅឯទីក្រុងកៀវ, លោកស្រី von der Leyen បានបញ្ជាក់ថា «កិច្ចព្រមព្រៀងនេះនឹងនាំមកនូវការរួមបញ្ចូលគ្នារវាងភាពច្នៃប្រឌិតរបស់អ៊ុយក្រែន និងសមត្ថភាពផលិតកម្មទ្រង់ទ្រាយធំរបស់អឺរ៉ុប»។

លោកស្រី von der Leyen បន្តថា «នៅអឺរ៉ុប យើងមានសមត្ថភាពផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មដ៏ធំធេងរួចទៅហើយ ដែលអាចដាក់ឱ្យដំណើរការបាន ហើយយើងមានទីតាំងផលិតកម្មដែលមានសុវត្ថិភាពដែលអាចជួយពង្រីកកម្រិតផលិតកម្ម ប៉ុន្តែ យើងមិនមានចំណេះដឹង និងជំនាញដែលទទួលបានពីការអនុវត្តជាក់ស្តែងក្នុងសមរភូមិ ដូចដែលអ៊ុយក្រែនបានកសាងនោះទេ»។

លោកស្រីបញ្ជាក់ថា «យើងអាចធ្វើការរួមគ្នាលើការផលិត ការធានាឱ្យសមាសធាតុទាំងអស់នៃប្រព័ន្ធដំណើរការបានល្អ និងផ្តល់នូវកម្លាំងជំរុញចាំបាច់ដល់មូលដ្ឋានឧស្សាហកម្មការពារជាតិទាំងសងខាង ដើម្បីបង្កើនការវិនិយោគ និងផលិតកម្មឱ្យកាន់តែខ្លាំងក្លា»។

លោក Zelensky បានកោតសរសើរចំពោះកិច្ចព្រមព្រៀង លើបច្ចេកវិទ្យាដ្រូននេះ ដោយថ្លែងចាត់ទុកថាជា «ជំហានដ៏សំខាន់ជាប្រវត្តិសាស្ត្រ» នៅក្នុងទំនាក់ទំនង រវាងភាគីទាំងពីរ ហើយបានអំពាវនាវឱ្យអឺរ៉ុបជួយផ្តល់ហិរញ្ញប្បទានបន្ថែមទៀត ដល់ទីក្រុងកៀវ។

លោក Zelensky បានលើកឡើងថា បច្ចុប្បន្ន អ៊ុយក្រែនកំពុងផលិតយន្តហោះគ្មានមនុស្សបើកចំនួន ១០ លានគ្រឿង ក្នុងមួយឆ្នាំ ហើយមានគោលបំណងបង្កើនចំនួនផលិតកម្មនេះឱ្យកើនឡើងទ្វេដង។

អឺរ៉ុបគឺជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ុយក្រែន នៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ហើយថ្មីៗនេះ បានចាប់ផ្តើមផ្តល់ប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ ស្មើនឹង ១០៣ ពាន់លានដុល្លារអាមេរិក ដើម្បីជួយទីក្រុងកៀវបំពាក់អាវុធដល់កងទ័ព និងដោះស្រាយបញ្ហាកង្វះខាតថវិកា។

ទឹកប្រាក់ចំនួន ៦ ពាន់លានអឺរ៉ូដំបូង នៃប្រាក់កម្ចីនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីជួយបង្កើនការផលិតយន្តហោះគ្មានមនុស្សបើក ឬ drone របស់អ៊ុយក្រែន។

យន្តហោះគ្មានមនុស្សបើកដើរតួនាទីយ៉ាងសំខាន់នៅសមរភូមិជួរមុខ ក្នុងប្រទេសអ៊ុយក្រែន ដោយបង្កការខូចខាត និងបណ្តាលឱ្យមានអ្នកស្លាប់និងរបួសយ៉ាងច្រើន ដល់កងកម្លាំងរុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា