សហរដ្ឋអាម៉េរិកទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​សម្រេច​បានក្នុងការប្រយុទ្ធប្រឆាំង Online Scams | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហរដ្ឋអាម៉េរិកទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​សម្រេច​បានក្នុងការប្រយុទ្ធប្រឆាំង Online Scams

សហរដ្ឋអាម៉េរិកទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​សម្រេច​បានក្នុងការប្រយុទ្ធប្រឆាំង Online Scams

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ‎នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោកស្រី Aleksandra Zittle ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

‎ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា រវាងសមត្ថកិច្ចអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានចែករំលែកពីបទពិសោធន៍ និងលទ្ធផលនៃយុទ្ធនាការបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជន ក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យុទ្ធនាការបោសសម្អាតនេះ នឹងបន្តអនុវត្តយ៉ាងជាប់លាប់ ហើយកម្ពុជានឹងបន្តអនុវត្តនីតិវិធីយ៉ាងតឹងរ៉ឺងទៅលើមេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកផ្តល់មធ្យោបាយ គប់គិតតាមច្បាប់ជាធរមាន សំដៅលុបបំបាត់ និងបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកើតឡើងជាថ្មី។ កម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ស្មោះត្រង់ ជឿជាក់ ប្រកបដោយទំនុកចិត្ត​​ ជាមួយភាគីមិត្ត ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដ៏ស្មុគស្មាញនិងប្រទាក់ក្រឡាគ្នានេះ។

Advertisement

‎ជាកិច្ចឆ្លើយតប លោកស្រី Aleksandra Zittle  បានសម្តែងការកោតសរសើរ និងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង យន្តការ និងលិខិតូបករណ៍ ក៏ដូចជាលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែននេះ មានលក្ខណៈស្មុគ្រស្មាញ និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសពាក់ព័ន្ធ។ លោកស្រី បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាម៉េរិក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែរ តែងតែចាត់ទុកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាចំណុចអាទិភាពបន្ទាន់មួយ។ ភាគីអាម៉េរិកសង្ឃឹមថា អាជ្ញាធរអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងអាចស្វែងរកកាលានុវត្តភាពបន្ថែម ដើម្បីបន្តលើកកម្ពស់ និងបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។

‎មុននឹងបញ្ចប់ ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូនអំពីកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគ្រោងប្រព្រឹត្តទៅនាចុង ខែកញ្ញា ឆ្នាំ២០២៦ខាងមុខ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា