ហ្វីលីពីន នឹងខិតខំប្រឹងប្រែងជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីលីពីន នឹងខិតខំប្រឹងប្រែងជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ

ហ្វីលីពីន នឹងខិតខំប្រឹងប្រែងជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ

ភ្នំពេញ៖ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាបានបញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថា ក្នុងឋានៈហ្វីលីពីនជា​ប្រធានអាស៊ាន ហ្វីលីពីននឹងខិតខំប្រឹងប្រែងជួយជំរុញនូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ។ការបញ្ជាក់នេះក្នុង
ឱកាសលោកជំទាវទូតហ្វីលីពីនជួបសម្ដេចតេជោដើម្បីសម្ដែងការគួរសម និងជម្រាប។

Advertisement

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ហ្វើ្លរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជាចូលជួបសម្ដែង​ការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ។

ក្នុងជំនួបនោះលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនបានលើកឡើងថា ក្នុងអាណត្តិរបស់​លោកជំទាវកន្លងមកនេះ បានបង្ហាញយ៉ាង​ច្បាស់ នូវទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែរីកចម្រើន តាមរយៈការផ្លាស់​ប្ដូរនៃដំណើរទស្សនកិច្ចថ្នាក់​ដឹកនាំ​កំពូលនៃ​ប្រទេសទាំងពីរ ជាពិសេស ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី​ហ្វីលីពីន​មកកាន់កម្ពុជា និងដំណើរទស្សនកិច្ចរបស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ។កម្រិតនៃការផ្លាស់ប្ដូរទំនាក់ទំនងផ្នែកទស្សនកិច្ចនេះ បានកើត​ឡើងជាញឹកញាប់ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទាំងពីរមានភាពរឹងមាំ។

បន្ថែមពីលើនេះលោកជំទាវក៏បានលើកឡើងផងដែរទាក់ទងទៅនឹងទំនាក់ទំនងនៅក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលកម្ពុជា និងហ្វីលីពីនដែលកំពុងតែបោះជំហានទៅមុខជាមួយគ្នា។ហ្វីលីពីនចាប់អារម្មណ៍ទៅលើ ផលិតផលកសិកម្មរបស់​កម្ពុជា ហើយសង្ឃឹមថា ទំហំ នៃការនាំចេញនឹងមានការកើនឡើងបន្តទៀត។

ចំណែកសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់លោកជំទាវទូតដោយចាត់ទុកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាស្នូលនៃទំនាក់ទំនង រវាងកម្ពុជា និងហ្វីលីពីន បន្ថែមពីនេះ សម្ដេចសង្ឃឹមថា ផលិតផលកសិកម្ម និងការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ជាពិសេស គឺអង្ករនឹងបន្តកើនឡើង ជាបន្តទៀត ។

សម្ដេចតេជោ ក៏បានជំរុញបន្ថែមទៀត ឱ្យមានការពង្រីកនូវជើងហោះហើររវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង លោកជំទាវ​ទូតបាន​ជម្រាបសម្ដេចតេជោថា ប្រទេសកម្ពុជា គឺជាគោលដៅដ៏ចាប់អារម្មណ៍មួយសម្រាប់ប្រជាជនហ្វីលីពីនក្នុងការមកទស្សនា​។

ក្នុងជំនួបដដែលចំណុចសំខាន់មួយទៀតដែល សម្ដេចតេជោបានលើកឡើងគឺបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។សម្ដេច តេជោ ហ៊ុន សែន បានពន្យល់ទៅកាន់លោកជំទាវអគ្គរដ្ឋទូតហ្វីលីពីនដោយបញ្ជាក់នូវជំហររបស់កម្ពុជា គឺប្រកាន់យកនូវការដោះស្រាយ​បញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងផ្អែកទៅលើយន្តការដែលមានស្រាប់ដែលភាគីទាំងពីរ បាន​ព្រមព្រៀងគ្នានាពេលកន្លងមក ។

ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ លោកជំទាវ បានបញ្ជាក់នៅចំពោះ​មុខសម្ដេច​តេជោថា ក្នុងឋានៈហ្វីលីពីន ជាប្រធានអាស៊ាន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញ នូវការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ៕


ដោយ៖ស៊ូវណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា