កម្ពុជា និងចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវឱ្យនាំចេញផ្លែខ្នុរស្រស់ខ្មែរទៅកាន់ទីផ្សារចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវឱ្យនាំចេញផ្លែខ្នុរស្រស់ខ្មែរទៅកាន់ទីផ្សារចិន

កម្ពុជា និងចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវឱ្យនាំចេញផ្លែខ្នុរស្រស់ខ្មែរទៅកាន់ទីផ្សារចិន

កម្ពុជា និងចិនបានឈានដល់របត់ប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងការដោះដូរពាណិជ្ជកម្ម។ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នារដ្ឋធានីប៉េកាំង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។

ឯកសារទីមួយ គឺអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ ព្រមទាំងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាព។ ចំណែកឯកសារទីពីរ ដែលមានសារសំខាន់បំផុតមួយសម្រាប់ប្រជាកសិករខ្មែរ គឺពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

Advertisement

ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបើកទីផ្សារអន្តរជាតិ និងការកសាងទំនុកចិត្តលើគុណភាពកសិផលខ្មែរ។ តាមរយៈពិធីសារភូតគាមអនាម័យនេះ លក្ខខណ្ឌបច្ចេកទេសត្រូវបានកំណត់យ៉ាងច្បាស់លាស់ ចាប់តាំងពីដំណាក់កាលថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ រហូតដល់ការដឹកជញ្ជូន។ គោលដៅចម្បងនៃវិធានការនេះ គឺធានាឱ្យបានថា រាល់កសិផលនាំចេញទាំងអស់ គឺគ្មានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លងផ្សេងៗ ដែលអាចបង្កហានិភ័យដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។

ក្រសួងកសិកម្មបានអំពាវនាវដល់អ្នកផលិត និងក្រុមហ៊ុននាំចេញទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីធានាបាននូវនិរន្តរភាពនៃការនាំចេញដោយជោគជ័យ ព្រមទាំងរក្សាបាននូវកេរ្តិ៍ឈ្មោះកសិផលជាតិនៅលើឆាកអន្តរជាតិ។

ក្រសួងសង្កត់ធ្ងន់ថា ត្រូវអនុវត្តតាមស្តង់ដារអនាម័យ និងតម្រូវការភូតគាមអនាម័យរបស់ប្រទេសចិនឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីក្ដោបក្ដាប់ឱកាសទីផ្សារដ៏ធំមួយនេះឱ្យបានយូរអង្វែង៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា