សម្តេច ឃួន សុដារី ជំរុញមន្ត្រីរាជការឱ្យអភិវឌ្ឍខ្លួនជា «ខ្ញុំបម្រើរាស្ត្រ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេច ឃួន សុដារី ជំរុញមន្ត្រីរាជការឱ្យអភិវឌ្ឍខ្លួនជា «ខ្ញុំបម្រើរាស្ត្រ»

សម្តេច ឃួន សុដារី ជំរុញមន្ត្រីរាជការឱ្យអភិវឌ្ឍខ្លួនជា «ខ្ញុំបម្រើរាស្ត្រ»

ភ្នំពេញ៖ប្រធានរដ្ឋសភានៃកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីរាជការជាថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រង ត្រូវប្រកាន់ខ្ជាប់នូវ លក្ខណៈ សម្បត្តិជាមន្ត្រីល្អ តម្កល់ខ្លួនជាខ្ញុំបម្រើរាស្ត្រ និងលុបបំបាត់ «ជំងឺតួឯក» ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាមន្ត្រីឆ្នើម។

Advertisement

កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួប​សំណេះសំណាល និងផ្តល់អនុសាសន៍ជូនដល់សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល ក្នុងវគ្គបណ្តុះបណ្តាលជំនាន់ទី៨ ស្ដីអំពី «ភាពជា​អ្នកដឹកនាំ និងនវានុវត្តន៍» នៅវិមានរដ្ឋសភា។ វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៨សប្តាហ៍នេះ មានសិក្ខាកាមចូល​រួមចំនួន ១៧៩នាក់ ដែលជាថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រងនៅតាមក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនេះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តល់អនុសាសន៍ឱ្យសិក្ខាកាមទាំងអស់យកទស្សនៈដឹកនាំរបស់ សម្តេច​តេជោ ហ៊ុន សែន មកអនុវត្ត ដោយត្រូវចងចាំថា «មន្ត្រីត្រូវបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរបស់រាស្រ្តនោះឡើយ»។ មន្ត្រីល្អ ត្រូវតម្កល់ខ្លួនជាខ្ញុំបម្រើរាស្ត្រ មិនត្រូវធ្វើជាមន្ត្រីជើង ១០ ឡើយ ពោលគឺត្រូវធ្វើជាមន្ត្រីជើង ២ និងត្រូវលុបបំបាត់ «ជំងឺតួឯក» ចេញពីខ្លួន។

ទាក់ទិននឹងស្ថានភាពសេដ្ឋកិច្ចវិញ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ទោះបីជាឆ្នាំ២០២៦ នេះ អត្រាកំណើនសេដ្ឋកិច្ច​កម្ពុជាស្ថិតក្នុងរង្វង់ ៤,២% ដោយសារឥទ្ធិពលសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យប្រេងឡើងថ្លៃក្តី ប៉ុន្តែក្នុងរយៈពេលមធ្យមពី​ឆ្នាំ​២០២៧ ដល់ឆ្នាំ២០២៩ ខាងមុខ សេដ្ឋកិច្ចជាតិនឹងងើបឡើងវិញជាសន្សឹមៗ ក្នុងអត្រាចន្លោះពី ៥% ទៅ ៥,៥%។ ការងើប​ឡើងវិញនេះ គឺដោយសារកំណើនរឹងមាំនៃវិស័យឧស្សាហកម្ម កសិកម្ម និងការងើបឡើងនៃវិស័យទេសចរណ៍ ក្រោយពី​រាជរដ្ឋា​ភិបាលទទួលបានជោគជ័យ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានជួយស្តារទំនុកចិត្ត​របស់ភ្ញៀវ​ទេសចរ និងវិនិយោគិនឡើងវិញ។

សម្តេចប្រធានរដ្ឋសភា ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការលើកកម្ពស់សមភាពយេនឌ័រ ដោយការបង្កើនតួនាទីដឹកនាំរបស់ស្ត្រី ព្រោះគំនិតចម្រុះរបស់ស្ត្រី អាចជួយឱ្យស្ថាប័នមើលឃើញពីចំណុចខ្វះខាតបានកាន់តែច្បាស់ ក្នុងការរៀបចំគោលនយោបាយ​ប្រកបដោយមនុស្សធម៌ និងមាននិរន្តរភាព ៕
ដោយ៖ស៊ូ វណ្ណលុក
រូបភាព៖ហេង សម្បត្តិ

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា