កម្ពុជាសាកល្បងបញ្ជូនពលករខ្មែរទៅធ្វើការនៅវៀតណាម ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាសាកល្បងបញ្ជូនពលករខ្មែរទៅធ្វើការនៅវៀតណាម ​

កម្ពុជាសាកល្បងបញ្ជូនពលករខ្មែរទៅធ្វើការនៅវៀតណាម ​

កម្ពុជា​​ សម្រេច​សាកល្បងនាំពលករខ្មែរ ទៅធ្វើការ​ក្នុង​វិស័យ​សំណង់ ​នៅ​ប្រទេស​វៀត​ណាម ដោយ​​ទទួល​បាន​ប្រាក់ឈ្នួល​ចន្លោះពី ៦០០ដុល្លារ ទៅ​ជាង ១ ៣០០​ដុល្លារ ​តាម​ជំនាញ។​​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​។
 
នេះគឺជាការចាប់ផ្តើមបើកទីផ្សារការងារក្រៅប្រទេសថ្មីមួយទៀត បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ កាលពីឆ្នាំមុន ដែលបានធ្វើឲ្យពលករខ្មែរភាគច្រើនត្រូវបង្ខំចិត្តត្រឡប់មកស្រុកកំណើតវិញ។
 
លោកបណ្ឌិត មាស នី អ្នកតាមដានសង្គម ក៏បានកត់សម្គាល់ពីសក្ដានុពលនៃកម្លាំងពលកម្មរបស់កម្ពុជា ដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រទេសដទៃ។ លោកយល់ឃើញថា នេះឱកាសល្អសម្រាប់កម្ពុជា និងជារឿងចាំបាច់ដែលរដ្ឋាភិបាលត្រូវធ្វើ ហើយលោកសង្ឃឹមថា ពលករដែលទៅធ្វើការនៅក្រៅប្រទេសទាំងអស់នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ជាមុន។

Advertisement

ស្រដៀងគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍គំនិត និងការស្រាវជ្រាវ យល់ឃើញថានេះជាការសាកល្បងដ៏ល្អសម្រាប់ពលករកម្ពុជា។ លោករំពឹងថា ពលករដែលទៅធ្វើការនៅក្រៅប្រទេសនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញត្រឹមត្រូវជាងមុន ហើយពួកគេនឹងត្រឡប់មកកម្ពុជាវិញជាមួយបទពិសោធន៍ការងារ ដែលអាចលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ ផេស៊ីហ្វិក​ អ៊ឹម​ផ្លយ​ម៉ិន អេជេន ដែល​​ជាភ្នាក់ងារ​ជ្រើស​រើស​ឯក​ជន ធ្វើ​ការ​សាកល្បង​ក្នុងកា​រជ្រើស​រើស បណ្ដុះ​​បណ្ដាល បញ្ជូន និងគ្រប់គ្រងពលករ​ខ្មែរ​ ទៅធ្វើការ​ក្នុង​វិស័យ​សំណង់​នៅប្រទេស​វៀតណាម នៅក្រុមហ៊ុន​សំណង់ SONG DA 5 JOINT STOCK COMPANY។
 
បើតាមក្រសួងការងារ លក្ខខណ្ឌ​ជ្រើស​រើស​ ផ្តោតលើបុរសអាយុពី ២៣ឆ្នាំ​ ដល់ ៣៩ឆ្នាំ ដែលមានបទពិសោធន៍ការងារផ្នែកសំណង់ រួមមាន ជាងផ្សារ ជំនាញ​បេតុង​ អ្នកបញ្ជា​គ្រឿង​ចក្រ និងវិស្វករសំណង់ស៊ីវិល។ អ្នកចេះភាសាវៀតណាម នឹងទទួលបានអាទិភាព។ ក្រសួងមិនបានបញ្ជាក់ពីចំនួនពលករដែលវៀតណាមត្រូវការនោះទេ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា