អាមេរិក និងកម្ពុជា ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និងកម្ពុជា ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញ

អាមេរិក និងកម្ពុជា ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញ

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា សហរដ្ឋអាមេរិក និងកម្ពុជា បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីបង្ក្រាប និងរុះរើបណ្តាញមជ្ឈមណ្ឌលឆបោកអនឡាញខុសច្បាប់ ព្រមទាំងលើកកម្ពស់ភាពជាដៃគូរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ។

Advertisement

ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី Aleks Zittle ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអនឡាញ ដែលផ្តោតគោលដៅលើពលរដ្ឋអាមេរិក។

ក្នុងជំនួបនេះ លោកស្រី Aleks Zittle បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញអស់រយៈពេលមួយឆ្នាំកន្លងមក ហើយបានលើកទឹកចិត្តឱ្យកម្ពុជាបន្តពន្លឿនយុទ្ធនាការនេះ ដើម្បីធានាថា មេក្លោង អ្នកប្រតិបត្តិការ និងអ្នកនៅពីក្រោយបណ្តាញឆបោកទាំងនោះ ត្រូវបាននាំយកមកទទួលខុសត្រូវតាមផ្លូវច្បាប់។

កាលពីពេលថ្មីៗកន្លងទៅនេះ លោក Andrew Bailey សហអនុប្រធានទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក (FBI) ក៏បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយចាត់ទុកថា នេះគឺជាជោគជ័យមួយសម្រាប់កម្ពុជាផងដែរ។

ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ អាជ្ញាធរបានចាត់វិធានការបណ្តេញជនបរទេសខុសច្បាប់សរុបជាង ៤ម៉ឺន៥ពាន់នាក់ចេញពីទឹកដីកម្ពុជា នៅក្នុងយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេស៕

សេង បារាំង | AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា