ជប៉ុន បានផ្តល់ហិរញ្ញប្បទានជាង ៣,៥ពាន់លានដុល្លារអនុវត្តគម្រោងនានានៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន បានផ្តល់ហិរញ្ញប្បទានជាង ៣,៥ពាន់លានដុល្លារអនុវត្តគម្រោងនានានៅកម្ពុជា

ជប៉ុន បានផ្តល់ហិរញ្ញប្បទានជាង ៣,៥ពាន់លានដុល្លារអនុវត្តគម្រោងនានានៅកម្ពុជា

គិតដល់ត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) តាមរយៈទីភ្នាកងារ JICA ដល់ការអនុវត្តគម្រោង និងកម្មវិធីនានាចំនួន ២៥ នៅកម្ពុជា គិតជាទឹកប្រាក់សរុបជាង ៣ ពាន់ ៥រយលានដុល្លារអាម៉េរិក ក្នុងនោះ គម្រោងដែលកំពុងដំណើរការ មានចំនួន ១២ និងគម្រោងដែលត្រូវបានបញ្ចប់មានចំនួន ១៣។

Advertisement

នេះបើតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយជំនួបរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងធំធេងដល់ការកសាងកម្ពុជាឡើងវិញ ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់បច្ចុប្បន្ន។ ជប៉ុន បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ដោយផ្តោតអាទិភាពក្នុងការផ្តល់ឥណទានសម្បទាន ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អាទិភាពនានា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានអរគុណដល់លោក អ៊ូអិណុ អាត់ស៊ូស៊ី ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការបំពេញភារៈកិច្ចជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រយៈពេល៣ឆ្នាំកន្លងមកនេះ។ ក្នុងនោះ កម្ពុជាទទួលបានហិរញ្ញប្បទានសរុបប្រមាណ ១ ៦៥២ លានដុល្លារ សម្រាប់ ២៦ គម្រោង និងកម្មវិធី។

ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ផងដែរថា ក្រៅពីឥណទានសម្បទានសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា កម្ពុជាក៏នៅមានតម្រូវការ និងរៀនសូត្របន្ថែមទៀតពីមិត្តជប៉ុន លើគ្រប់វិស័យ ដូចជា ការវិនិយោគ និងការចូលរួមវិនិយោគពីវិស័យឯកជន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, សេដ្ឋកិច្ចបៃតង, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, ក៏ដូចជាការអភិវឌ្ឍវិស័យភស្តុភារកម្ម, សេដ្ឋកិច្ចឌីជីថល, និងការអភិវឌ្ឍន៍ធនធានមនុស្សជាដើម៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា