យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រីកការផ្សព្វផ្សាយដល់សិស្សនៅខេត្តពោធិ៍សាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រីកការផ្សព្វផ្សាយដល់សិស្សនៅខេត្តពោធិ៍សាត់

យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ពង្រីកការផ្សព្វផ្សាយដល់សិស្សនៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់និងរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដល់សិស្សានុសិស្សានៃអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ស្ថិតនៅស្រុកបាកាន ជិត ១,០០០នាក់កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹង និងកសាងភាពស៊ាំដល់យុវជនចំពោះការវាយលុកនៃព័ត៌មានមិនពិតក្នុងយុគសម័យឌីជីថល។

Advertisement

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិង លោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសរំលេចថា ព័ត៌មានក្លែងក្លាយជាហានិភ័យធ្ងន់ធ្ងរដែលបំភាន់ការយល់ឃើញរបស់យុវជន និងប៉ះពាល់ដល់សន្តិសុខជាតិ។ ឯកឧត្តមបានណែនាំឱ្យសិស្សានុសិស្សចេះរក្សាភាពវៃឆ្លាត និងសួរសំណួរ ៣ គន្លឹះចំពោះខ្លួនឯងមុននឹងសម្រេចចិត្ត «ចែករំលែក (Share)» ព័ត៌មានណាមួយដូចជា ១. តើព័ត៌មាននេះមកពីណា?
២. តើមានប្រភពផ្លូវការច្បាស់លាស់ដែរឬទេ?
៣. តើវាផ្តល់ផលប្រយោជន៍ ឬបង្កផលប៉ះពាល់អ្វីខ្លះដល់សង្គម?
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សនឹងក្លាយជា «ទូតសុឆន្ទៈ» ក្នុងការនាំយកព័ត៌មានពិតទៅកាន់ក្រុមគ្រួសារ និងសហគមន៍ ដើម្បីរួមគ្នាកសាងសង្គមឌីជីថលដែលមានសុវត្ថិភាព។

លោក ញឹក បានខេង អភិបាលរងខេត្ត រួមជាមួយតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះ និងបានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងពីវិធីការពារខ្លួនពីការបំភាន់ និងរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីការអភិវឌ្ឍខេត្តប្រកបដោយចីរភាព។
សូមជម្រាបថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ក្រោមប្រធានបទ៖ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។យុទ្ធនាការបានដាក់ឱ្យដំណើរការផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ រាជធានីភ្នំពេញ។បច្ចុប្បន្នកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានី-ខេត្តចំនួន ១២ រួមមាន៖ ភ្នំពេញ, ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, សៀមរាប, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត, កែប, កោះកុង និងបាត់ដំបង និងមានផែនការបន្តពង្រីកទៅគ្រប់ខេត្តទាំងអស់ទូទាំងប្រទេសក្នុងឆ្នាំ២០២៦ នេះ៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា