ស្មៅយក្ស៖ របរថ្មីផ្តល់ចំណូលខ្ពស់ដល់កសិករ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្មៅយក្ស៖ របរថ្មីផ្តល់ចំណូលខ្ពស់ដល់កសិករ

ស្មៅយក្ស៖ របរថ្មីផ្តល់ចំណូលខ្ពស់ដល់កសិករ

ភ្នំពេញ៖ដំណាំស្មៅយក្ស ឬ Giant King Grass ដែលជាប្រភេទ​ស្មៅថ្មី​មាន​ប្រយោជន៍ច្រើនយ៉ាងដូចជា​ធ្វើជាចំណី​សត្វ ,ធ្វើធ្យូង និងធ្វើជី កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យប្រជា​កសិករ​រកប្រាក់ចំណូលបានខ្ពស់ ។

Advertisement

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន SEN KRRI ECOPARK ដែលជាក្រុមហ៊ុនទទួលទិញស្មៅយក្សបានឱ្យដឹងថា ដំណាំ​ប្រភេទ​នេះលូតលាស់លឿនដោយអាចមានកម្ពស់លើសពី៤ ម៉ែត្រ និងប្រមូល​ផលបានក្នុងរយៈពេលត្រឹមតែ ១៩៥ ថ្ងៃឬជាង៦ខែ ។ចំណែកទិន្នផល​ក្នុងផ្ទៃដី ១ ហិកតា ដំណាំនេះអាចផ្តល់ស្មៅស្រស់ចន្លោះពី ៣៧៥ ទៅ ៤០០ តោន និងអាច​បង្កើតចំណូល​ជូនកសិករបានប្រមាណ ២០ លានរៀល ឬស្មើនឹងប្រមាណជាង ៥ពាន់ដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន កាលពីពេលថ្មីៗនេះបានអញ្ជើញចុះ​ផ្សព្វផ្សាយ​ជំរុញភាព​ស្អាត និងភាពបៃតងនៅតាមសហគមន៍មូលដ្ឋាន​ នៅសហគមន៍ភ្នំទំព័រ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានលើក​ឡើង​អំពីដំណាំថ្មី គឺ​ស្មៅយក្ស។​ឯកឧត្តមបានឱ្យដឹងថា ក្រសួងបរិស្ថាន​បានសិក្សាទីតាំង​រួចរាល់ និង បានសម្រេចរៀបចំ​គម្រោងដាំ​ស្មៅយក្សនេះនៅតាម​សហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិ​សាស្ត្រខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០២៦ នេះ ដើម្បីជួយឱ្យពលរដ្ឋ​មានអុសសម្រាប់ប្រើប្រាស់ ដោយមិនបាច់ចូលព្រៃកាប់​ឈើធម្មជាតិ និងទទួលបានប្រាក់ចំណូល។

ស្មៅយក្សអាចកែច្នៃស្មៅធ្វើជាចំណីសត្វ និងផលិតធ្យូងអនាម័យ ឬធ្យូងជីវៈ។ក្រៅពីជួយកាត់បន្ថយការបំភាយឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស ស្មៅយក្សជួយការពារការហូរច្រោះដីផងដែរ។លើសពីនេះ ស្មៅយក្សត្រូវ​បានក្រុមហ៊ុនប្រមូលទិញយកទៅ​កែច្នៃជាចំណីសត្វ ព្រមទាំងយកដើមរបស់វាទៅផលិតជាធ្យូងអនាម័យសម្រាប់ផ្គត់ផ្គង់ទីផ្សារផងដែរ។

លោក សួន កុសល ប្រធានអ្នកបច្ចេកទេសបណ្តុះកូនឈើទូទៅនៃ​ក្រុមហ៊ុន SEN KRRI ECOPARK ដែលទទួលទិញស្មៅយក្ស​បាន​បញ្ជាក់ប្រាប់បណ្ដាញព័ត៌មានAMSថា ការដាំស្មៅយក្ស កសិករអាច​ទទួលបានប្រាក់ចំណូលល្អ ។ បើប្រៀបធៀបនឹងដំណាំ​ស្រូវ ស្ទើរតែល្អជាង ពីព្រោះវាជាដំណាំមិនបាច់ត្រូវការថែទាំច្រើនទេ។ជាងនេះវាហុចផលលឿនតម្លៃខ្ពស់។ក្រុមហ៊ុនបាន​ទិញពី​កសិករ​កន្លងមកនេះ គឺទី១.សម្រាប់កែច្នៃជាចំណីសត្វ ,ទី២ទិញដើម​ស្រស់ៗសម្រាប់ឱ្យចំណីសត្វចៀម គោ ។ចំណែកដើម​របស់វាសម្រាប់​ធ្វើធ្យូងអនាម័យ។

គួរបញ្ជាក់ថា បច្ចុប្បន្នដំណាំស្មៅយក្សកំពុងមានការពេញនិយមដាំដុះ​ច្រើននៅខេត្តពោធិ៍សាត់ ប៉ៃលិន និងខេត្តត្បូងឃ្មុំ។ក្នុងនោះ គ្រាន់​តែខេត្តពោធិ៍សាត់មួយមានផ្ទៃដីដាំដុះរហូតដល់ប្រមាណ ៥ពាន់​ហិកតា។នេះបើតាមការអះអាងរបស់លោក សួន កុសល ៕
ដោយ៖ម៉ា ដេប៉ូ
រូបភាព៖រិន រចនា

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា