ក្រុមកសិករបារម្ភពីឥទ្ធិពលអែលនីណូលើកសិកម្ម ខណៈក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង៥០០គ្រឿង ទុកជួយសង្គ្រោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមកសិករបារម្ភពីឥទ្ធិពលអែលនីណូលើកសិកម្ម ខណៈក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង៥០០គ្រឿង ទុកជួយសង្គ្រោះ

ក្រុមកសិករបារម្ភពីឥទ្ធិពលអែលនីណូលើកសិកម្ម ខណៈក្រសួងធនធានទឹកត្រៀមម៉ាស៊ីនបូមទឹកជាង៥០០គ្រឿង ទុកជួយសង្គ្រោះ

ឥទ្ធិពលបាតុភូត អែលនីណូ កំពុងបង្ករក្ដីព្រួយបារម្ភខ្លាំងឡើងៗសម្រាប់កសិករទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ តំណាងក្រុមកសិករនៅកម្ពុជា បារម្ភថាឥទ្ធិពលរលកកម្តៅអាចនឹងប៉ះពាល់ដល់ទិន្នផលដំណាំក្នុងឆ្នាំនេះ។
 
លោក​ ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា គូសបញ្ជាក់ថា ដំណាំកាហ្វេនៅកម្ពុជា ចាប់ផ្ដើមប៉ះពាល់ជាបណ្ដើរៗ ហើយ ដែលធ្វើឲ្យដំណាំកាហ្វេឆ្នាំនេះ លូតលាស់មិនបានល្អ ព្រោះទឹកមិនគ្រប់គ្រាន់។ លោកបន្តថា បច្ចុប្បន្ន ទិន្នផលកាហ្វេរបស់កម្ពុជា មិនទាន់អាចផ្គត់ផ្គង់ទៅតាមតម្រូវការ ១០០ភាគរយនៅឡើយទេ។ បាតុភូតអែលនីណូ អាចនឹងទាញទម្លាក់ទិន្នផលកាហ្វេក្នុងឆ្នាំនេះ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់​កាហ្វេក្នុងស្រុក។
 
 
បន្ថែមលើនេះ ប្រធានសមាគមកាហ្វេកម្ពុជា ក៏បានជំរុញឲ្យកសិកររៀបចំប្រព័ន្ធទឹកឲ្យបានត្រឹមត្រូវមុននឹងសម្រេចចិត្តដាំដំណាំកាហ្វេ ឬដំណាំផ្សេងៗ ជៀសវាងខាតបង់ដើមទុន។
 
ចំណែក លោក សុខ សុថា អ្នកជំនាញកសិកម្ម បញ្ជាក់ថាបញ្ហាអាកាសធាតុនៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់វិស័យកសិកម្មនៅកម្ពុជា។ លោកយល់ឃើញថា បញ្ហាប្រេង និងវត្ថុធាតុដើមខ្ពស់ រួមទាំងបាតុភូតអែលនីណូ កំពុងធ្វើឲ្យក្រុមកសិករមានការរារែកចិត្តក្នុងការពង្រីកផលិតកម្មរបស់ខ្លួននាឆ្នាំនេះ។
 
លោកបន្តថា​ «វិស័យកសិកម្មរបស់យើងនៅតែមានបញ្ហាប្រឈមទាក់ទងភូមិសាស្រ្តនយោបាយ ការប្រែប្រួលអាកាសធាតុ ដើមទុនក្នុងពង្រីកផលិតកម្មរបស់ខ្លួននៅឡើយ»។
 
ជុំវិញបញ្ហានេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានញ្ជាក់ថា ក្រសួងបានត្រៀមម៉ាស៊ីនបូមទឹកជាង ៥០០គ្រឿង សម្រាប់អន្តរាគមន៍នៅតំបន់ដែលប្រឈមនឹងការខ្វះទឹក។
 
រដ្ឋមន្ត្រីក្រសួងធនធានទឹក អះអាងថា កម្ពុជា កំពុងទទួលរងឥទ្ធិពលបាតុភូតនេះ ដែលបានធ្វើឱ្យសីតុណ្ហភាពឡើងកម្ដៅខ្លាំង និងអូសបន្លាយលើសពីធម្មតា។ ​ស្ថានភាពនេះ អាចបង្កឱ្យមានការខ្វះខាតទឹក ប៉ះពាល់ដល់វិស័យ​កសិកម្ម បង្កហានិភ័យដល់សុខភាព និងជះឥទ្ធិពលដល់សង្គមទាំងមូល៊។​ ​ប្រឈមមុខនឹងស្ថានភាពនេះ ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ចូលរួមថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ៕

Advertisement

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា