កម្ពុជា ប្រាប់ថៃឱ្យឈប់រកលេសពន្យារពេលចរចាព្រំដែនគោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ប្រាប់ថៃឱ្យឈប់រកលេសពន្យារពេលចរចាព្រំដែនគោក

កម្ពុជា ប្រាប់ថៃឱ្យឈប់រកលេសពន្យារពេលចរចាព្រំដែនគោក

កម្ពុជាបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃ ជុំវិញការរាំងស្ទះក្នុងការចរចាព្រំដែន ព្រមទាំងបានទទួចឱ្យថៃឈប់រកលេសនេះ លេសនោះ ដើម្បីពន្យារពេលពេលចរចារ និងបន្តការងារខណ្ឌសីមាព្រំដែនគោកឡើងវិញ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងការលើកឡើងកាលពីពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសថៃ ដែលបានលើកឡើងថា ការដែលកម្ពុជាដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន «បិទទ្វារ» ចំពោះការចរចាលើព្រំដែនគោក។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការលើកឡើងរបស់ភាគីថៃ មិនមែនជាការពិតទាល់តែសោះ។ ព្រំដែនសមុទ្រ និងព្រំដែនគោក ត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ និងយន្តការទ្វេភាគីផ្សេងគ្នា។ ការដែលកម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធតែនឹងបញ្ហាព្រំដែនសមុទ្រមួយមុខប៉ុណ្ណោះ ហើយយន្តការនេះជាមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដែលគួរតែជួយបង្កើនទំនុកចិត្ត មិនមែនជាមូលដ្ឋានសម្រាប់ថៃយកមកផ្អាកការងារខណ្ឌសីមាព្រំដែនគោកឡើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី ២០ កក្កដា កម្ពុជាស្នើឱ្យភាគីថៃឈប់បង្កើតលេសពន្យារពេលដោយចេតនា ហើយវិលត្រឡប់មកបន្តដំណើរការខណ្ឌសីមាព្រំដែនគោកឡើងវិញដោយសុច្ឆន្ទៈ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្រោមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ និងកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

Advertisement

កម្ពុជារំលឹកថា ប្រទេសថៃបានដកខ្លួនជាឯកតោភាគីចេញពីយន្តការចរចាទ្វេភាគីលើដែនសមុទ្រ ខណៈកម្ពុជាបានបង្ហាញជំហរច្បាស់លាស់ និងប្រកបដោយភាពស៊ីសង្វាក់គ្នាក្នុងការពឹងផ្អែកលើច្បាប់អន្តរជាតិ។ កន្លងមក ប្រទេសថៃខ្លួនឯងក៏ធ្លាប់បង្ហាញចេតនាម្តងហើយម្តងទៀត ក្នុងការពឹងផ្អែកលើ UNCLOS ដើម្បីដោះស្រាយបញ្ហាសមុទ្រ។

ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងការបទេសបានរំលឹកថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សភានៃប្រទេសនិយាយភាសាបារាំង បានអនុម័តសេចក្តីសម្រេចបញ្ជាក់ជាថ្មីនូវការគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងគាំទ្រដល់ដំណើរការខណ្ឌសីមាព្រំដែនតទៅទៀត។

សហគមន៍អន្តរជាតិ ក៏បានរំពឹងថាកម្ពុជា និងថៃ នឹងគោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដែលភាគីទាំងពីរបានទទួលស្គាល់ក្នុង MoU ឆ្នាំ២០០០។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ការព្យាយាមពន្យារពេលដំណើរការខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ដើម្បីបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តកើតមានបានឡើយ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា