ព្រះនារាយណ៍ផ្ទំរបស់ខ្មែរយាងដល់ទឹកដីអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះនារាយណ៍ផ្ទំរបស់ខ្មែរយាងដល់ទឹកដីអាមេរិក

ព្រះនារាយណ៍ផ្ទំរបស់ខ្មែរយាងដល់ទឹកដីអាមេរិក

សារមន្ទីរជាតិសិល្បៈអាស៊ីរបស់សហរដ្ឋអាមេរិក រៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយ មានឈ្មោះថា «រាត្រីអាស៊ី » ដើម្បីអបអរសាទរពិព័រណ៍ព្រះបដិមាសំរឹទ្ធិធំបំផុតមិនដែលមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ជាស្នាដៃល្អឯកនៃសិល្បៈខ្មែរ គឺព្រះនារាយណ៍ផ្ទំ ឬព្រះវិស្ណុផ្ទំ។

Advertisement

សារមន្ទីរជាតិសិល្បៈអាស៊ី នៅទីក្រុង Washington DC សហរដ្ឋអាមេរិក កំពុងដាក់តាំងពិព័រណ៍រូបព្រះនារាយណ៍ផ្ទំអំពីសំរឹទ្ធិរបស់ខ្មែរ ដើម្បីបង្ហាញស្តីពីសោភ័ណភាព និងភាពល្អឯកនៃព្រះនារាយណ៍។ ពិធីបើកសម្ពោធពិព័រណ៍នេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៧កក្កដា ដោយមានឈ្មោះថា «រាត្រីអាស៊ី » អមដោយការសម្តែងរបាំរបស់សិល្បករខ្មែរផងដែរ។

លោកស្រីបណ្ឌិត Emma Natalya Stein នាយកផ្នែកសិល្បៈអាស៊ីអាគ្នេយ៍, លោក ប្រាជ្ញ លី ផលិតករភាពយន្តខ្មែរ-អាមេរិក និងលោកស្រីសាស្ត្រាចារ្យ Vasudha Narayanan បានធ្វើការបកស្រាយពន្យល់ផ្ទាល់នៅក្នុងបន្ទប់ពិព័រណ៍អំពីតម្លៃប្រវត្តិសាស្ត្រ និងភាពអស្ចារ្យនៃបដិមាព្រះនារាយណ៍ផ្ទំអំពីសំរឹទ្ធិនេះ។

ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យល់ឃើញថា ព្រឹត្តិការណ៍នេះបានក្លាយជាស្ពានចម្លងវប្បធម៌ដ៏សំខាន់ នៅលើទឹកដីសហរដ្ឋអាមេរិក។ តាមរយៈការដាក់តាំងបង្ហាញរូបចម្លាក់ “ព្រះនារាយណ៍ផ្ទំ” ដ៏ស្កឹមស្កៃពីសារមន្ទីរជាតិកម្ពុជា រួមផ្សំជាមួយបទបង្ហាញសាវតារយ៉ាងស៊ីជម្រៅពីអ្នកស្រាវជ្រាវនានា ព្រមទាំងក្បាច់របាំពត់ពេនយ៉ាងរស់រវើកដើម្បីបួងសួងសុំសេចក្តីសុខ ពិព័រណ៍នេះបានធ្វើឱ្យមរតកវប្បធម៌ខ្មែរ ទាំងរូបីនិងអរូបី លេចត្រដែតយ៉ាងអស្ចារ្យនៅលើឆាកអន្តរជាតិ។

យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសសម្រាប់សហគមន៍ខ្មែរ-អាមេរិកកាំង ជួបជុំគ្នា បង្ហាញមោទនភាពជាតិ និងបណ្តុះស្មារតីសាមគ្គីភាពក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

សូមរម្លឹកផងដែរថា បដិមាព្រះនារាយណ៍ផ្ទំពីសំរឹទ្ធិនេះ ត្រូវបានកសាងឡើងនៅក្នុងស.វ.ទី១១ តាមរចនាបថបាភួន ក្នុងរាជ្យរបស់ព្រះបាទឧទ័យទិត្យទី២ ជាសម័យកាលមួយដែលវិស័យសិល្បៈសិតសំរឹទ្ធិខ្មែរបានឈានដល់ចំណុចកំពូលក្នុងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍។ អ្នកស្រាវជ្រាវអំពីប្រវត្តិសិល្បៈអាស៊ីបានឯកភាពគ្នាថា ព្រះបដិមាសំរឹទ្ធិមួយអង្គនេះ គឺជាបដិមាដែលសិតឡើងយ៉ាងប្រណិត និងមានទំហំធំជាងគេនៅក្នុងប្រវត្តិសាស្រ្តអារ្យធម៌អាស៊ីអាគ្នេយ៍នាសម័យអង្គរ។  

ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីបញ្ជូនរូបចម្លាក់ខ្មែរទៅដាក់តាំងបង្ហាញនៅបរទេស។ បច្ចុប្បន្ន ក្រសួងកំពុងរៀបចំគម្រោងសហការផ្តល់កម្ចីបុរាណវត្ថុទៅក្រៅប្រទេសចំនួន ៣ ទៀត ដែលមានរូបចម្លាក់សរុបប្រមាណ ១៣០ រូប គិតទាំងវត្ថុសិល្បៈដែលនឹងត្រូវបញ្ជូនចេញនាចុងឆ្នាំនេះ ទៅកាន់សហរដ្ឋអាមេរិក អ៊ីតាលី ហូឡង់ ចិន និងសិង្ហបុរី។

ការបញ្ជូនវត្ថុសិល្បៈខ្មែរទៅតាំងបង្ហាញនៅបរទេស មានសារសំខាន់ណាស់ក្នុងការជួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរ លើកកម្ពស់កិត្យានុភាពជាតិ ពង្រឹងការទូតវប្បធម៌ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកអភិរក្សបេតិកភណ្ឌ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា