កេរដំណែល ៨៥ឆ្នាំនៃអាកាសយានដ្ឋានពោធិ៍ចិនតុង៖ ពីព្រះរាជសុបិនសម្តេចឪ ឆ្ពោះទៅកាន់ការរចនាប្លង់អនាគត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កេរដំណែល ៨៥ឆ្នាំនៃអាកាសយានដ្ឋានពោធិ៍ចិនតុង៖ ពីព្រះរាជសុបិនសម្តេចឪ ឆ្ពោះទៅកាន់ការរចនាប្លង់អនាគត

កេរដំណែល ៨៥ឆ្នាំនៃអាកាសយានដ្ឋានពោធិ៍ចិនតុង៖ ពីព្រះរាជសុបិនសម្តេចឪ ឆ្ពោះទៅកាន់ការរចនាប្លង់អនាគត

អាកាសយានដ្ឋានពោធិ៍ចិនតុង មិនត្រឹមតែជាច្រកទ្វារមេឃដ៏សំខាន់នោះទេ ប៉ុន្តែជានិមិត្តរូបនៃអត្តសញ្ញាណជាតិខ្មែរ ដែលបានឈរជើងយ៉ាងរឹងមាំអស់រយៈពេល ៨៥ឆ្នាំកន្លងមក (ចាប់តាំងពីឆ្នាំ១៩៤១) ដោយផ្សារភ្ជាប់រវាងអតីតកាលដ៏រុងរឿង និងសម័យកាលទំនើបកម្ម។
 
ឆ្លងកាត់ដំណើររឿងរ៉ាវយ៉ាងជូរចត់ និងរុងរឿងអស់រយៈពេលជាង ៨ ទសវត្សរ៍ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ “អាកាសយានដ្ឋានពោធិ៍ចិនតុង” មិនត្រឹមតែជាច្រកផ្លូវអាកាសដ៏ចំណាស់របស់កម្ពុជានោះទេ ប៉ុន្តែជាសាក្សីរស់នៃប្រវត្តិសាស្ត្រដែលបានប្រសូតចេញពីព្រះរាជសុបិនរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ។
 
យោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា ទីតាំងប្រវត្តិសាស្ត្រមួយនេះ គឺជាព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់សម្ដេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ក្នុងយុគសម័យសង្គមរាស្ត្រនិយម ដែលព្រះអង្គមានព្រះរាជសុបិនចង់ឃើញកម្ពុជាក្លាយជាចំណុចកណ្តាលនៃការដោះដូរពាណិជ្ជកម្មអន្តរជាតិ សម្បូរទៅដោយសន្តិភាព វិបុលភាព និងឧត្តមភាពនៃការសិក្សាធិការ។
 
ចាប់ផ្តើមដំបូងបង្អស់ពីទីវាលហោះហើរដ៏តូចមួយក្នុងឆ្នាំ១៩៤១ អាកាសយានដ្ឋានពោធិ៍ចិនតុងបានប្រែក្លាយមុខមាត់ជាបន្តបន្ទាប់ រហូតក្លាយជាអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់បំផុតរបស់ប្រទេសជាតិ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពេញលេញ។
 
ដោយសារតែអតីតព្រះមហាក្សត្រព្រះអង្គឈ្វេងយល់យ៉ាងច្បាស់ថា ទីតាំងនេះជាកន្លែងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់មកកាន់កម្ពុជា សម្ដេចព្រះបរមរតនកោដ្ឋបានសព្វព្រះរាជហឫទ័យរាជានុញ្ញាតចាត់តាំងឱ្យស្ថាបត្យករឆ្នើមៗប្រចាំប្រទេស ចូលរួមរចនាសាងសង់ដោយផ្ទាល់។ ទោះបីបច្ចុប្បន្ន «ព្រលានយន្តហោះចាស់» នេះលែងដំណើរការក្តី ប៉ុន្តែកេរតំណែលប្រវត្តិសាស្រ្តនេះនៅតែជាចំណុចប្រសព្វរវាងអតីតកាល និងអនាគតកាល ដែលពោរពេញដោយសក្តានុពលក្នុងការរំលេចអត្តសញ្ញាណជាតិខ្មែរសារជាថ្មី។

នៅក្នុងរបត់ថ្មីនៃការអភិវឌ្ឍវិស័យស្ថាបត្យកម្ម និងការអភិរក្សប្រវត្តិសាស្ត្រ លោក ឆាំង យុ ​នាយកព្រះរាជបណ្ណាល័យហ្លួងម៉ែ និងជាប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានសហការយ៉ាងជាមួយក្រុមស្ថាបត្យករវ័យក្មេងឆ្នើមនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ដើម្បីគិតគូរ​ពីអនាគតរបស់អាកាសយានដ្ឋានភ្នំពេញចាស់នេះ។
 
ក្រុមស្ថាបត្យករជំនាន់ថ្មីពោរពេញដោយសមត្ថភាពទាំងនោះ រួមមាន លោក ទិត្យ សត្យាវង្ស, កញ្ញា លឹម វណ្ណសូលីហ្សា និងកញ្ញា លាង ចាន់ធី បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរចនាប្លង់អាកាសយានដ្ឋានពោធិ៍ចិនតុងឡើងវិញ នាពេលថ្មីៗនេះ ដែលរៀបចំឡើងដោយសមាគមស្ថាបត្យករខ្មែរ ជាមួយការគាំទ្រពីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់។ ក្រុមការងារគម្រោងស្ថាបត្យកម្មរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចង់ផ្លាស់ប្តូរមុខមាត់ទីតាំងប្រវត្តិសាស្ត្រដ៏រឹងមាំមួយនេះ តាមរយៈវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបៃតង។
 
កិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ និងយុវជនជ័យលាភីទាំងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបំប្លែង និងរំលេចនូវតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមរបស់ជាតិ ជាពិសេសគឺការធ្វើឱ្យ «ព្រះរាជសុបិន» របស់ព្រះរាជស្ថាបត្យករកំពូល គឺសម្តេចព្រះបរមរតនកោដ្ឋ ឱ្យមានជីវិតរស់រវើកឡើងវិញ នៅក្នុងសម័យកាលបច្ចេកវិទ្យាឌីជីថលនេះ៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា