ពលករខ្មែរ២នាក់បន្តបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទក្នុងសមុទ្រនៅខេត្តត្រាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលករខ្មែរ២នាក់បន្តបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទក្នុងសមុទ្រនៅខេត្តត្រាត

ពលករខ្មែរ២នាក់បន្តបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទក្នុងសមុទ្រនៅខេត្តត្រាត

អស់រយៈពេល១១ថ្ងៃហើយដែលពលករខ្មែរចំនួន២នាក់នៅបន្តបាត់ខ្លួន នៅក្នុងហេតុការណ៍លិចទូកនេសាទនៅក្នុងសមុទ្រ នៅខេត្តត្រាត ប្រទេសថៃ។​ ពលករខ្មែរ២នាក់នោះ ត្រូវបានសន្និដ្ឋានថាបានបាត់បង់ជីវិត។
 
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​AMS ថា​ មន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃបាន និងកំពុងធ្វើការតាមដានជាបន្ត​បន្ទាប់ជាមួយ​អាជ្ញាធរថៃ​ជុំវិញការ​បាត់ខ្លួន​របស់​ពលករ​ខ្មែរ​ ពេល​ចុះទូក​នេសាទនៅ​សមុទ្រ​ថៃតាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។​​
 
ឯកឧត្តម ស៊ុន មេសា បានឱ្យដឹងថា ពលករខ្មែរបាត់ខ្លួនទាំង២នាក់នេះ គឺស្ថិតនៅក្នុងចំណោមជនរងគ្រោះសរុបចំនួន៥នាក់នៅលើទូកនេសាទ ក្នុងនោះពលករខ្មែរ៤នាក់ និងពលរដ្ឋថៃ១នាក់។ មកដល់ពេលនេះ អាជ្ញាធរថៃរកឃើញសាកសពមនុស្សចំនួន​​៣នាក់ ក្នុងនោះពលករខ្មែរ២នាក់ និងពលករថៃ១នាក់។ 
 
បើតាមឯកឧត្តម ស៊ុន មេសា សាកសពពលករខ្មែរម្នាក់ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសាកសពពលករខ្មែរម្នាក់ទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យប្រទេសថៃដើម្បីពិនិត្យកោសល្យវិច្ឆ័យ។ 

Advertisement

 
លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃ បានបញ្ជាក់ថា ប្រសិនបើការនេសាទរបស់ពួកគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់ថៃ គ្រួសារសពអាចទាមទារដំណើរការឯកសារដើម្បីទទួលបានប្រាក់សំណងពីរដ្ឋ។​    
 
យោងតាមការផ្សាយរបស់សារព័ត៌មានថៃ អាជ្ញាធរថៃកំពុងសម្របសម្រួលសំណងសម្រាប់ក្រុមគ្រួសារអ្នកស្លាប់ ដោយរំពឹងថាគ្រួសារសពនីមួយៗអាចទទួលបានសំណងចំនួនជាង២ម៉ឺនដុល្លារ ស្របទៅតាមនិតីវិធីផ្លូវច្បាប់។ 
 
ប្រធានសមាគមនេសាទខេត្តត្រាត បានឱ្យដឹងថា គ្រោះថ្នាក់លិចទូកនេះទំនងកើតឡើងដោយសារកត្តាអាកាសធាតុ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា