អាមេរិក ខកចិត្តថា សង្គ្រាមប្រែមកជួយមីស៊ីល អ៊ីរ៉ង់ កាន់តែឆ្លាតវៃ ចេះហោះគេចពីសំណាញ់មេឃដោយខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ខកចិត្តថា សង្គ្រាមប្រែមកជួយមីស៊ីល អ៊ីរ៉ង់ កាន់តែឆ្លាតវៃ ចេះហោះគេចពីសំណាញ់មេឃដោយខ្លួនឯង

អាមេរិក ខកចិត្តថា សង្គ្រាមប្រែមកជួយមីស៊ីល អ៊ីរ៉ង់ កាន់តែឆ្លាតវៃ ចេះហោះគេចពីសំណាញ់មេឃដោយខ្លួនឯង

បរទេស៖ ក្រោយបទពិសោធន៍សង្គ្រាមជាមួយអាមេរិករយៈពេល ៥ ខែ, គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់បានប្រែក្លាយពីអាវុធធម្មតាទៅជាអាវុធទំនើប និងកាន់តែឆ្លាតវៃជាងមុន ដោយឈានទៅដល់ការចេះហោះគេចពីសំណាញ់មេឃ របស់ទីក្រុងវ៉ាស៊ីនតោន ដោយខ្លួនឯង ។

Advertisement

បើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិក និងចេញផ្សាយដោយ Firstpost កាលពីថ្ងៃអង្គារបានឲ្យដឹងថា បច្ចុប្បន្ននេះ គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់អាចធ្វើការផ្លាស់ប្តូរទិសដៅ ឬធ្វើចលនាគេចវេះនៅដំណាក់កាលចុងក្រោយ មុនពេលវាយប្រហារទៅលើគោលដៅ ។
 
របាយការណ៍ដដែលបញ្ជាក់ថា កត្តាដែលធ្វើឲ្យគ្រាប់មីស៊ីលអ៊ីរ៉ង់កាន់តែឆ្លាតវៃបែបនេះ គឺដោយសារតែត្រូវបានបំពាក់ដោយប្រព័ន្ធបញ្ជាទិសដៅ TVN និងមានស្លាបតូចៗ ដែលជួយឲ្យពួកវាអាចគេចផុតពីការស្ទាក់ចាប់របស់ប្រព័ន្ធបាញ់ការពារទប់ស្កាត់មីស៊ីល ។
 
ក្នុងចំណោមមីស៊ីលផ្លោងឆ្លាតវៃទាំងនោះ រួមមានមីស៊ីលប្រភេទ Emad, មីស៊ីល Ghadr, មីស៊ីល Fattah-1 និងមីស៊ីល Kheibar Shakan ជាដើម ។

ជាក់ស្ដែង អ៊ីរ៉ង់បានប្រើប្រាស់មីស៊ីលទាំង ៤ ប្រភេទនេះ ដើម្បីវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក រួមមាន មូលដ្ឋាន Muwaffaq និង Aqaba ក្នុងប្រទេសហ្ស៊កដានី, មូលដ្ឋាន Camp Udairi និង មូលដ្ឋាន Ali Al-Salem ក្នុងប្រទេសកូវ៉ែត និងព្រមទាំង មូលដ្ឋានផ្សេងទៀត នៅក្នុងប្រទេសបារ៉ែន និងកាតាផងដែរ ។

អ្នកវិភាគនៅ firstpost មើលឃើញថា នេះគឺជាយុទ្ធសាស្ត្រថ្មីរបស់អ៊ីរ៉ង់ដោយប្ដូរពីការបាញ់ផ្លោងមីស៊ីលម្តងរាប់រយគ្រាប់ ក្នុងពេលចាប់ផ្តើមសង្គ្រាមមកបាញ់ក្នុងចំនួនតិចតួច ប៉ុន្តែត្រូវចំគោលដៅ និង ពិបាកស្ទាក់ចាប់បាន ។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់ របស់អាមេរិកក៏បានសន្និដ្ឋានដែរថា កម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ នៅតែបន្តរីកចម្រើន ទោះបីជាមានការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់អាមេរិក និងអ៊ីស្រាអែល អស់រយៈពេលជិត ៥ ខែក៏ដោយ ដែលបញ្ហានេះបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង សម្រាប់ទីក្រុងវ៉ាស៊ីនតោន អំពីប្រសិទ្ធភាពរយៈពេលវែង នៃយុទ្ធនាការយោធានេះ ។

ការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់បានបង្ហាញថា ទោះបីជាកន្លែងផលិត និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បាញ់បង្ហោះមីស៊ីលបានរងការខូចខាតក៏ដោយ ក៏អ៊ីរ៉ង់នៅតែរក្សាបាននូវសមត្ថភាពអភិវឌ្ឍមីស៊ីលក្នុងកម្រិតដ៏សំខាន់មួយ ហើយនៅតែបន្តកែលម្អទាំងសមត្ថភាពប្រតិបត្តិការ និងលទ្ធភាពក្នុងការរក្សាទុកឃ្លាំងអាវុធរបស់ខ្លួនឱ្យនៅគង់វង្ស៕​

ប្រភព ៖ firstpost , militarywatchmagazine ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា