ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌

ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌

ឯកឧត្តម អ៊ិន តារា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាត​ឱ្យ​លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅដល់លោក Thomas Andrews ចំពោះការតែងតាំងរបស់លោក ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាអ្នក​រាយការណ៍​ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ប្រចាំកម្ពុជា និងស្វាគមន៍​ចំពោះទស្សនកិច្ចផ្លូវការលើកទី១របស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមបានបញ្ជាក់ពីទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែង និងកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនារវាងកម្ពុជា និងអាណត្តិរបស់រាយការណ៍ពិសេស។

ឯកឧត្តម អ៊ិន តារា បានបញ្ជាក់ពី​​ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័នចំពោះសន្ធិសញ្ញា​សិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ និងបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។​ ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមទៀតថា កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលយកទាំងអាណត្តិអ្នករាយការណ៍ពិសេសប្រចាំប្រទេស និងវត្តមានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលវត្តមានការិយាល័យ OHCHR មានវ័យចំណាស់ជាងគេនៅលើពិភពលោក នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះភាពបើកចំហកិច្ចសន្ទនាបែបស្ថាបនា និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែង ប្រកបដោយលក្ខណៈស្ថាបនា និងការគោរពគ្នាទៅវិញទៅមករវាងកម្ពុជា និងអាណត្តិរបស់អ្នករាយការណ៍ពិសេស ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សានូវកិច្ចសន្ទនាបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ ឯកឧត្តម ក៏បានជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវបានផ្លាស់ទីលំនៅ និងជួបឧបសគ្គរារាំងមិនអាចត្រឡប់ទៅលំនៅស្ថានវិញបានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តមបានស្វាគមន៍ចំពោះគម្រោងធ្វើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសទៅកាន់តំបន់ព្រំដែនដែលរងផលប៉ះពាល់ និងជំរំភៀសសឹក ដើម្បីស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពមនុស្សធម៌នៅទីនោះ។

លោក Andrews បានកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ហើយបានថ្លែងអំណរគុណដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការគាំទ្រ និងការជួយសម្របសម្រួលដ៏ល្អប្រសើរក្នុងការរៀបចំជំនួបរបស់លោកជាមួយថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេសកម្ពុជា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា