អ្នកវិភាគថៃទទួលស្គាល់ថា ខុសពីការរំពឹងទុករបស់ថៃ សង្គ្រាមព្រំដែនធ្វើឲ្យកម្ពុជាកាន់តែរឹងមាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកវិភាគថៃទទួលស្គាល់ថា ខុសពីការរំពឹងទុករបស់ថៃ សង្គ្រាមព្រំដែនធ្វើឲ្យកម្ពុជាកាន់តែរឹងមាំ

អ្នកវិភាគថៃទទួលស្គាល់ថា ខុសពីការរំពឹងទុករបស់ថៃ សង្គ្រាមព្រំដែនធ្វើឲ្យកម្ពុជាកាន់តែរឹងមាំ

អ្នកវិភាគនយោបាយថៃបានប្រកាសទទួលស្គាល់ថា ជម្លោះព្រំដែន មិនបានធ្វើឲ្យកម្ពុជាទន់ខ្សោយដូចការរំពឹងទុករបស់ក្រុមយោធាថៃនោះឡើយ។ ផ្ទុយទៅវិញ សង្គ្រាមនេះបានក្លាយជាកាតាលីករជួយពង្រឹងរបបដឹកនាំកម្ពុជា ហើយធ្វើឲ្យកម្ពុជាកាន់តែមានកិត្យានុភាពលើឆាកអន្តរជាតិ។

Advertisement

អត្ថបទវិភាគមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Matichon Weekly របស់ថៃ ដែលសរសេរដោយលោក Surachart Bumrungsuak អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ថៃ បានលើកឡើងពីទិដ្ឋភាពនៃជម្លោះព្រំដែន ដោយបានគូសបញ្ជាក់ថា សង្គ្រាមបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាកាន់តែរឹងមាំ និងមានប្រៀបលើឆាកអន្តរជាតិ។

ការវិភាគរបស់លោកទទួលបានការចាប់អារម្មណ៍ពីសម្តេចតេជោ ហ៊ុន សែន ដែលបានបកប្រែ និងផ្សព្វផ្សាយបន្តអត្ថបទនេះនៅលើបណ្តាញសង្គមរបស់សម្តេច ដោយមិនមានការធ្វើអត្ថាធិប្បាយអ្វីបន្ថែមទេ។

លោក Surachart Bumrungsuak មើលឃើញថា ខុសពីការគិតទុកមុនរបស់ថៃ សង្គ្រាមព្រំដែនបានក្លាយជាកាតាលីករធ្វើឲ្យរបបដឹកនាំកម្ពុជាកាន់តែមានភាពរឹងមាំឡើង។ លោកបានប្រៀបធៀបស្ថានភាពនៅកម្ពុជាជាមួយករណីសង្គ្រាមនៅអ៊ុយក្រែន ដែលបានធ្វើរដ្ឋាភិបាលអ៊ុយក្រែនកាន់តែរឹងមាំ ឬសង្គ្រាមនៅអ៊ីរ៉ង់ដែលធ្វើឲ្យរបបដឹកនាំសាសនាអ៊ីរ៉ង់កាន់តែមានអំណាចខ្លាំងក្លាថែមទៀត។

«ដូច្នេះប្រហែលជាយើងត្រូវទទួលស្គាល់ថា សង្គ្រាមក៏បានធ្វើឲ្យរបបគ្រប់គ្រងរបស់កម្ពុជាកាន់តែរឹងមាំផងដែរ។» នេះជាការលើកឡើងរបស់លោក Surachart Bumrungsuak ដែលបានបន្តថា លទ្ធផលនេះបានវាយបំបាក់ជំនឿចិត្តរបស់ក្រុមអ្នកល្មោភសង្គ្រាមនៅថៃ ដែលជឿថា ការប្រើកម្លាំងយោធា ជាពិសេសការវាយប្រហារតាមអាកាស អាចនាំឱ្យរបបគ្រប់គ្រងនៅភ្នំពេញដួលរលំ។ ប៉ុន្តែទោះបីជាវាយតម្លៃតាមរបៀបណាក៏ដោយ ជំនឿចិត្តមួយនេះគឺមិនមែនជាការពិតនោះឡើយ។

អ្នកវិភាគរូបនេះបានបន្តថា ប្រសិនបើថៃមិនចង់ពឹងផ្អែកលើកត្តាយោធា នោះការទូតថៃត្រូវតែរឹងមាំជាងនេះ។ ប៉ុន្តែបើតាមការយល់ឃើញរបស់លោក Surachart Bumrungsuak បញ្ហាគឺ ការទូតរបស់ថៃសព្វថ្ងៃហាក់ដូចជាដើរតាមយុទ្ធសាស្ត្ររបស់កម្ពុជា ឬក៏កំពុងលេងក្នុងល្បែងដែលកម្ពុជាបានកំណត់ដែរ។ បើប្រៀបធៀបការដើរតួនាទីលើឆាកអន្តរជាតិរវាងថៃ និងកម្ពុជា ថៃជាញឹកញាប់តែងតែដើរតាមក្រោយកម្ពុជា ហើយក៏ស្ថិតក្នុងស្ថានភាពការពារខ្លួន នៅក្នុងសង្គ្រាមព័ត៌មានផងដែរ។

អ្នកវិភាគជនជាតិថៃរូបនេះបាននិយាយការពារខ្លួនថា ការលើកឡើងរបស់លោកមិនមែនមានន័យថា ភាគីកម្ពុជាពូកែជាងថៃនោះទេ ប៉ុន្តែមានបំណងបង្ហាញឱ្យសង្គមថៃឃើញទស្សនៈមួយផ្សេងទៀតនៃបញ្ហា ហើយមិនចង់ឱ្យមានការគាំទ្រពេញទំហឹងចំពោះការប្រើកម្លាំងយោធាបែបជ្រុលនិយមពេកនោះឡើយ។

លោកយល់ថា ដល់ពេលត្រូវស្វែងរកដំណោះស្រាយពិតប្រាកដចំពោះបញ្ហាកម្ពុជាហើយ ព្រោះកម្ពុជាបានបង្ហាញសមត្ថភាព និងឥទ្ធិពលកាន់តែខ្លាំងលើឆាកអន្តរជាតិ ហើយថៃក៏មិនអាចបន្តស្ថិតក្នុងស្ថានភាពដូចបច្ចុប្បន្នបានជារៀងរហូតដែរ៕ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា