ទុរេនកំពតប្រមូលផលបានជាង ២ម៉ឺនតោន គិតត្រឹមចុងខែមិថុនាឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទុរេនកំពតប្រមូលផលបានជាង ២ម៉ឺនតោន គិតត្រឹមចុងខែមិថុនាឆ្នាំនេះ

ទុរេនកំពតប្រមូលផលបានជាង ២ម៉ឺនតោន គិតត្រឹមចុងខែមិថុនាឆ្នាំនេះ

គិតត្រឹមដំណាច់ខែមិថុនាឆ្នាំនេះ ខេត្តកំពតប្រមូលផលទុរេន បានប្រមាណជាង ២ម៉ឺនតោន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ បច្ចុប្បន្ន ខេត្តមានផ្ទៃដីដាំដុះទុរេនសរុបប្រមាណ ២ ៥០០ ហិកតា។

យោងតាមរដ្ឋបាលខេត្តកំពត នៅក្នុងរដូវប្រមូលផលឆ្នាំនេះ គិតត្រឹមដំណាច់ខែមិថុនា ខេត្តកំពតប្រមូលផលទុរេនបានប្រមាណជាង ២ម៉ឺនតោន ដើម្បីផ្គត់ផ្គង់ទីផ្សារ។

លោក មឿង គង្កា អភិបាលរងខេត្តកំពត បានគូសបញ្ជាក់ថា ទុរេនកំពតដែលមានរសជាតិឆ្ងាញ់ប្រចាំខេត្ត និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន គឺដាំនៅក្នុងតំបន់ជើងភ្នំបូកគោ ។

Advertisement

លោកអភិបាលរងខេត្តបានបន្ថែមថា ទុរេនកំពតមានតម្លៃប្រមាណ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយមានទីផ្សារទូលំទូលាយ មិនពិបាកលក់ចេញនោះទេ។

របាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានបង្ហាញថា ខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពលមួយនេះ មានផ្ទៃដីដាំដុះទុរេនសរុបប្រមាណ ២ ៥០០ ហិកតា ក្នុងនោះ ផ្ទៃដីដែលកំពុងប្រមូលផលមានចំនួនរហូតដល់ ១ ៧០០ ហិកតា។

តំបន់ដែលអាចដាំដុះទុរេនទទួលបានផលល្អនៅក្នុងខេត្តកំពត រួមមានស្រុកទឹកឈូ ស្រុកឈូក តំបន់ជើងភ្នំកម្ចាយ តំបន់ភ្នំបូកគោ ផ្នែក​ខ្លះ​នៃស្រុកដងទង់ និង​ស្រុក​កំពង់ត្រាច។

ដើម្បីការពារម៉ាកសញ្ញាទុរេនកំពត និងលើកកម្ពស់ផលដំណាំក្នុងស្រុក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការនាំចូលទុរេនពីប្រទេសជិតខាង។ វិធានការនេះ ធ្វើឡើងក្នុងគោលបំណងការពារទីផ្សារ និងតម្លៃទុរេនរបស់កសិករក្នុងស្រុក ព្រមទាំងធានាសុវត្ថិភាពចំណីអាហារ ដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។

រដូវកាលប្រមូលផលទុរេននៅក្នុងខេត្តកំពត មានរយៈពេល ៦ ខែ ដោយចាប់ផ្តើមពីខែមេសា រហូតដល់ខែកញ្ញា។ ក្នុងនោះដែរ អំឡុងខែមិថុនា និងខែកក្កដា គឺជាពេលវេលាដែលទុរេនប្រមូលផលបានច្រើនជាងគេ និងសម្បូរនៅលើទីផ្សារ។

លោក មឿង គង្គា បានគូសបញ្ជាក់ថា វិស័យកសិកម្ម ជាពិសេសការដាំដុះទុរេន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ផលដំណាំទុរេនក៏បានរួមចំណែកយ៉ាងធំធេង ក្នុងការទាក់ទាញ និងផ្គត់ផ្គង់ដល់តម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅក្នុងខេត្តកំពតផងដែរ៕ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា