អ្នកធ្វើជួបអ្នកថា ៖ សម្តេចបវរធិបតីជួបបណ្ឌិត ញិល រដ្ឋា ដែលការវិភាគបានបង្កភាពចម្រូងចម្រាសថ្មីៗនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកធ្វើជួបអ្នកថា ៖ សម្តេចបវរធិបតីជួបបណ្ឌិត ញិល រដ្ឋា ដែលការវិភាគបានបង្កភាពចម្រូងចម្រាសថ្មីៗនេះ

អ្នកធ្វើជួបអ្នកថា ៖ សម្តេចបវរធិបតីជួបបណ្ឌិត ញិល រដ្ឋា ដែលការវិភាគបានបង្កភាពចម្រូងចម្រាសថ្មីៗនេះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់កិត្តិយសអនុញ្ញាតឱ្យលោកបណ្ឌិត ញិល រដ្ឋា ចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់វិភាគជុំវិញបញ្ហាសេដ្ឋកិច្ច បន្ទាប់ពីលោកបណ្ឌិតបានបង្កភាពចម្រូងចម្រាសនាពេលថ្មីៗនេះជុំវិញការវិភាគ ដែលសាធារណជនយល់ថា មានលក្ខណៈមិនសមរម្យ និងប៉ះពាល់ដល់អ្នកដទៃ រួមទាំងថ្នាក់ដឹកនាំផងដែរ។

Advertisement

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ចូលជួបសម្តែងការគួរសម និងផ្លាស់ប្តូរយោបល់វិភាគជុំវិញបញ្ហាសេដ្ឋកិច្ច ពិសេសបញ្ហាបរឈមរបស់សហគ្រាសធុនតូច និងមធ្យម កាលពីថ្ងៃទី២០ ខែកក្កដា។

លើបណ្តាញសង្គមនៅថ្ងៃនេះ លោកបណ្ឌិត ញិល រដ្ឋា បានសម្តែងសេចក្តីដឹងគុណចំពោះសម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃជាង២ម៉ោងទទួលជួបរូបលោក។ បន្ទាប់ពីជំនួបនេះ លោកបានវាយតម្លៃថា សម្តេចធិបតី គឺជាថ្នាក់ដឹកនាំជំនាន់ថ្មី ដែលមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មានភាពចាស់ទុំ និងមានការទទួលខុសត្រូវខ្ពស់។

លោកបណ្ឌិត ញិល រដ្ឋា បានសរសើរផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំដែលបើកចិត្តទូលាយ ស្ដាប់រាល់ធាតុផ្សំ ទស្សនៈ និងការវិភាគបែបវិទ្យាសាស្ត្រ ដោយផ្អែកលើតថភាពសង្គម សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាក់ស្តែង ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

សម្រាប់រូបលោក ជំនួបនេះមិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចិត្តដ៏មហិមាដែលរុញច្រានឱ្យលោកបន្តខិតខំប្រឹងប្រែងប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចំណែកបម្រើដល់ការអភិវឌ្ឍជាតិមាតុភូមិ ក្រោមការដឹកនាំរបស់សម្តេចធិបតី។

ពាក់ព័ន្ធនឹងជំនួបនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាសាធារណៈកាលពីម្សិលមិញថា ការអញ្ជើញលោកបណ្ឌិត ញិល រដ្ឋា មកជួបពិភាក្សា និងទទួលទានអាហារ គឺផ្តោតសំខាន់លើទិដ្ឋភាពសេដ្ឋកិច្ចប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធនឹងមតិយោបល់ដែលលោកបណ្ឌិតបានលើកឡើងនៅក្នុងវេទិការបស់រាជបណ្ឌិត្យសភាកម្ពុជានាពេលថ្មីៗនេះ។ ក្នុងវេទិកានោះ ការវិភាគរបស់លោកត្រូវបានសាធារណមតិចាត់ទុកថាមានភាពឆ្គាំឆ្គង ជាពិសេសត្រង់ចំណុចទាក់ទងនឹងថ្នាក់ដឹកនាំ និងឧកញ៉ាមួយចំនួន។

សម្តេចធិបតីបានផ្តល់អនុសាសន៍ថា ការបញ្ចេញទស្សនៈ និងការវិភាគរបស់បណ្ឌិតគ្រប់រូបត្រូវតែផ្អែកលើភស្តុតាង និងវិទ្យាសាស្ត្រ ជាជាងវិភាគតាមអារម្មណ៍ និងមើលងាយអ្នកដទៃ។

លោកបណ្ឌិត ញិល រដ្ឋា យល់ឃើញថា ព្រឹត្តិការណ៍កន្លងមក មិនមែនជាជម្លោះរវាងអ្នកចេះដឹង និងអ្នកអនុវត្តនោះទេ ប៉ុន្តែជាឱកាសដ៏ល្អសម្រាប់លើកកម្ពស់ភាពប្រាកដនិយម សាមគ្គីភាព និងការអត់ឱនរវាងប្រជាជនខ្មែរដូចគ្នា ជាពិសេសការពង្រឹងទំនាក់ទំនងរវាងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការអនុវត្តជាក់ស្តែងរបស់រាជរដ្ឋាភិបាល។

ជំនួបដោយផ្ទាល់រវាងថ្នាក់ដឹកនាំកំពូល និងអ្នកវិភាគ មិនត្រឹមតែស្តែងឱ្យឃើញពីភាពទន់ភ្លន់ ការបើកចិត្តទូលាយ និងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះមតិរិះគន់ដើម្បីស្ថាបនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការផ្តល់តម្លៃយ៉ាងខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះធនធានមនុស្ស បញ្ញវន្ត និងអ្នកស្រាវជ្រាវ ដែលបានចូលរួមផ្តល់ធាតុផ្សំ និងទស្សនៈបែបវិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា