កម្ពុជាលើកឡើងក្នុងប្រជុំអាយឆា ជុំវិញបញ្ហាជនភៀសសឹកជាង២ម៉ឺននាក់ និងការរារាំងពីយោធាថៃ  | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាលើកឡើងក្នុងប្រជុំអាយឆា ជុំវិញបញ្ហាជនភៀសសឹកជាង២ម៉ឺននាក់ និងការរារាំងពីយោធាថៃ 

កម្ពុជាលើកឡើងក្នុងប្រជុំអាយឆា ជុំវិញបញ្ហាជនភៀសសឹកជាង២ម៉ឺននាក់ និងការរារាំងពីយោធាថៃ 

នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងប្រជុំពិសេសលើកទី១ឆ្នាំ២០២៦ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា អាយឆា(ASEAN Intergovernmental Commission on Human Rights,AICHR) ចាប់ពី​ថ្ងៃទី១៧-២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិកគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជាបានលើកឡើងពីស្ថានភាពរបស់ប្រជាជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ ដែលនៅមិនទាន់អាចវិល​ត្រឡប់​ទៅលំនៅឋានវិញដោយសារការរារាំងពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួស និងការដាក់ទូកុងតឺន័រ។

Advertisement

ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានបញ្ជាក់ជូនគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ថា ការរារាំងពីសំណាក់យោធាថៃតាមរយៈការរាយបន្លាលួស និងការដាក់ទូកុងតឺន័ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមក៏បានបញ្ជាក់ឡើងវិញនូវកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសនៅក្នុងចំណុចទី៤ ចែងយ៉ាងច្បាស់ថា៖ “ភាគីទាំងពីរយល់ព្រមអនុញ្ញាតឱ្យជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល​ត្រឡប់​ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួក គេវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឯកឧត្តមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្សធម៌អន្តរជាតិ ការគោរពសិទ្ធិមនុស្ស ការការពារជនស៊ីវិល និងធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។ ការខូចខាត ឬការបំផ្លិចបំផ្លាញវត្ថុស៊ីវិល រួមមានផ្ទះ សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ត្រូវតែទប់ស្កាត់ និងការពារស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃឱ្យដឹងថា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន ២០.២៨១នាក់ ទៀត ក្នុងនោះ​ស្ត្រី១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ ពីភូមិករ និងផ្ទះសំបែង​ត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូល ជាធរមាន។ ព្រោះតែអំពើឈ្លានពាន និងការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅខេត្តឧត្តរមានជ័យ មានសាលារៀន៨កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥កន្លែងបន្តបិទទ្វារ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១កន្លែងបន្តបិទទ្វារ និងនៅខេត្តព្រះវិហារ មានសាលារៀន ៧កន្លែង និងមន្ទីរពេទ្យ/មណ្ឌល​សុខភាព​២​កន្លែងទៀតបន្តបិទទ្វារ ខណៈការខូចខាតទ្រព្យសម្បត្តិសាធារណៈ និង ឯកជនជាច្រើនទៀត​ដែលក្រសួងបាន​កត់ត្រាទុក៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា