អ្នករាយការណ៍ពិសេសរបស់ អ.ស.ប នឹងចុះទៅពិនិត្យដោយផ្ទាល់នៅ​តំបន់ព្រំដែនដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នករាយការណ៍ពិសេសរបស់ អ.ស.ប នឹងចុះទៅពិនិត្យដោយផ្ទាល់នៅ​តំបន់ព្រំដែនដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង

អ្នករាយការណ៍ពិសេសរបស់ អ.ស.ប នឹងចុះទៅពិនិត្យដោយផ្ទាល់នៅ​តំបន់ព្រំដែនដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Thomas Andrews បានបញ្ជាក់ថា លោកបានតាមដានយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ហើយលោកនឹងចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
នៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៦។

Advertisement

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះបំណងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងការចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជាជាក់ស្តែង នៅតំបន់ព្រំដែន និងបានពន្យល់បន្ថែមអំពីប្រវត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរង។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោបានឱ្យដឹងថា ក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងការអបអរសាទរចំពោះលោក ថូម៉ាស អាន់ឌ្រូ ដែលត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ ជំនួសលោក វិទិត មុនតាប៊ន ដែលបានលាលែងពីតំណែង។ សម្តេចបានបង្ហាញក្តីសង្ឃឹមថា បេសកកម្មរបស់លោកនៅកម្ពុជា នឹងជួយឱ្យមានការយល់ដឹងកាន់តែច្បាស់ អំពីវឌ្ឍនភាពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការសិក្សាពីស្ថានភាពជាក់ស្តែង។

ជាការឆ្លើយតប លោក ថូម៉ាស អាន់ឌ្រូ បានចាត់ទុកថា ការជួបពិភាក្សាជាមួយសម្តេចតេជោ គឺជាសញ្ញាវិជ្ជមានដែលឆ្លុះបញ្ចាំងពីការបើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ លោកក៏បានកោតសរសើរកម្ពុជាជាប្រទេសមួយក្នុងតំបន់ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន និងបានតាមដានយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។ អ្នករាយការណ៍ពិសេសបានបញ្ជាក់ថា លោកនឹងចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹង ស្ថានភាពសិទ្ធិមនុស្ស ជាពិសេសការអនុវត្តសេរីភាពនៃការបញ្ចេញមតិ។

ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការទទួលស្គាល់របស់អ្នករាយការណ៍ពិសេសអំពីសមិទ្ធផលរបស់កម្ពុជា ក្នុងការផ្តល់សច្ចាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការទទួលយក អនុសាសន៍ជាច្រើនពីយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស សម្ដេចតេជោបានលើកឡើងថា សិទ្ធិរស់រានមានជីវិត សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការធានាសិទ្ធិ និងសេរីភាពផ្សេងៗ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ។ សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយ ឱ្យមានការបញ្ចេញមតិ និងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែការអនុវត្តសិទ្ធិទាំងអស់ ត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ សម្ដេចតេជោក៏បានគូសបញ្ជាក់ដែរថា គ្មានប្រទេសណាមួយអាចអនុវត្តវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានល្អឥតខ្ចោះនោះទេ ដោយគ្រប់ប្រទេសសុទ្ធតែ មានចំណុចខ្វះខាត ដែលត្រូវបន្តកែលម្អជាបន្តបន្ទាប់។ សម្ដេចតេជោបានសម្ដែងក្តីសង្ឃឹមថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា