ព្រំដែនកម្ពុជា-ថៃនៅតែបន្តបិទ ខណៈកងទ័ពទាំងពីរបន្តស្ថិតក្នុងស្ថានភាពប្រុងជើងការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រំដែនកម្ពុជា-ថៃនៅតែបន្តបិទ ខណៈកងទ័ពទាំងពីរបន្តស្ថិតក្នុងស្ថានភាពប្រុងជើងការ

ព្រំដែនកម្ពុជា-ថៃនៅតែបន្តបិទ ខណៈកងទ័ពទាំងពីរបន្តស្ថិតក្នុងស្ថានភាពប្រុងជើងការ

ការខ្វះទំនុកចិត្តផ្នែកនយោបាយ និងភាពតានតឹងផ្នែកយោធាដែលចេះតែអូសបន្លាយ កំពុងធ្វើឱ្យក្តីសង្ឃឹមនៃការបើកច្រកព្រំដែនឡើងវិញរវាងកម្ពុជា និងថៃ កាន់តែស្រអាប់ទៅៗ។ ក្នុងរយៈពេលមួយឆ្នាំនេះ កម្ពុជាបានប្រឹងប្រែងលើកកម្ពស់ផលិតផលក្នុងស្រុក ដើម្បីឆ្លើយតបតម្រូវការទីផ្សារ ដែលបានរងផលប៉ះពាល់ភ្លាមៗដោយសារការ ប៉ុនប៉ង របស់ប្រទេសថៃក្នុងការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចកម្ពុជា តាមរយៈការបិទព្រំដែន។  
 
ជម្លោះប្រដាប់អាវុធបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសច្រើននាក់ ហើយមនុស្សរាប់សិបម៉ឺនគ្រួសារត្រូវបានជម្លៀសចេញពីលំនៅឋាន។ ជាមួយគ្នានេះ វាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ នៅឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានធ្លាក់មកនៅត្រឹម ជាង ១ពាន់ ៣រយលានដុល្លារអាមេរិកប៉ុណ្ណោះ គឺថយចុះជាង ៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
 
សារព័ត៌មានថៃជាច្រើនបានរាយការណ៍ថា សេដ្ឋកិច្ចថៃកំពុងដាំក្បាលចុះខណៈក្រុមហ៊ុនថៃធំៗបានដកខ្លួន ឬកាត់បន្ថយសកម្មភាពអាជីវកម្មនៅកម្ពុជាជាបន្តបន្ទាប់ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាបន្តធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ។
 
ជាក់ស្តែង ទិន្នន័យរបស់ក្រុមហ៊ុនប្រេង PTT Oil and Retail Business (OR) របស់ថៃ បង្ហាញថា ការលក់ប្រេងឥន្ធនៈនៅកម្ពុជាបានធ្លាក់ចុះជាលំដាប់ ចាប់តាំងពីមានការប៉ះទង្គិចនៅតាមព្រំដែនកាលពីខែកក្កដា ឆ្នាំ២០២៥។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ បរិមាណលក់មានត្រឹម ៤៦លានលីត្រប៉ុណ្ណោះ បើធៀបនឹងជាង ១៥០លានលីត្រ ក្នុងមួយត្រីមាស មុនពេលកើតមានជម្លោះព្រំដែន។
 
ក្រៅពីក្រុមហ៊ុនប្រេង PTT ក៏មានក្រុមហ៊ុនផលិតចំណីអាហារ ភេសជ្ជៈ និងអាជីវកម្មថៃជាច្រើនផ្សេងទៀត បានបញ្ឈប់ ឬផ្អាកសកម្មភាពអាជីវកម្មនៅកម្ពុជា។ ចុងក្រោយនេះ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រោងចក្រកាត់ដេរ Hi-Tech Apparel Cambodia នៅប៉ោយប៉ែត ដែលមានថៅកែជាជនជាតិថៃ ក៏បានប្រកាសផ្អាកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាផងដែរ។
 
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អាជីវកម្មដែលធ្លាប់ពឹងផ្អែកលើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន នៅតែរង់ចាំការបើកច្រកព្រំដែនឡើងវិញ។ ទោះជាយ៉ាងណា ការបើកព្រំដែន គឺអាស្រ័យលើការវិវត្តនៃស្ថានការណ៍នយោបាយ និងសន្តិសុខរវាងប្រទេសទាំងពីរ។
សារព័ត៌មានដដែលបានទទួលស្គាល់ថា ការវិនិយោគរបស់ថៃនៅកម្ពុជា ដែលមានតម្លៃប្រមាណ ៤ ទៅ ៥ពាន់លានដុល្លារអាមេរិក កំពុងរងផលប៉ះពាល់ជាបន្តបន្ទាប់ ដោយអាជីវកម្មខ្លះត្រូវប្តូរម្ចាស់ បិទ ឬផ្អាកដំណើរការជាបណ្តោះអាសន្ន។ នៅប្រទេសថៃ វិស័យដែលរងផលប៉ះពាល់ខ្លាំងរួមមាន ការលក់រាយ រោងចក្រកាត់ដេរ សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មសេវាកម្មនៅតាមតំបន់ព្រំដែន ដែលកំពុងប្រឈមនឹងការខ្វះអតិថិជនយ៉ាងខ្លាំង។
 
ដរាបណាកងទ័ពឈ្លានពានមិនទាន់ដកចេញពីទឹកដីកម្ពុជា ការស្តារទំនុកចិត្តរវាងកម្ពុជា និងថៃ ទំនងមិនអាចកើតមានទេ ហើយការបិទព្រំដែនក៏អាចនឹងអូសបន្លាយពេលយូរតទៅមុខទៀតដែរ៕

Advertisement

ខន ណារី | AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា