សម្តេចតេជោស្នើអ្នករាយការណ៍ពិសេស UN សហការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោស្នើអ្នករាយការណ៍ពិសេស UN សហការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
នយោបាយ 22/07/2026

សម្តេចតេជោស្នើអ្នករាយការណ៍ពិសេស UN សហការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេស អង្គការសហសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងអំពីចំណុចខ្វះខាតមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ជាពិសេសសិទ្ធិនៃការបញ្ចេញមតិនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។
 
សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងការលើកឡើងរបស់លោក ថូម៉ាស់ អេនឌ្រូ ថា សិទ្ធិនៃការបញ្ចេញមតិ អាចកើតមានលុះត្រាតែប្រជាពលរដ្ឋមានជីវិតរស់នៅ មានសន្តិភាព និងស្ថិរភាពសង្គមរឹងមាំជាមុនសិន ទើបសិទ្ធិសេរីភាពនៃការបញ្ចេញមតិអាចកើតមានឡើងបានយ៉ាងពិតប្រាកដ។
 
សម្តេចតេជោលើកឡើងថា ការបញ្ចេញមតិទាំងឡាយ គឺទាំងរដ្ឋាភិបាលអាណត្តិមុនៗ រហូតដល់អាណត្តិ បច្ចុប្បន្នដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានបើកសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ឬការអនុវត្តសិទ្ធិមនុស្ស។ ប៉ុន្តែសិទ្ធិបញ្ចេញមតិនោះ គឺត្រូវតែស្ថិតនៅក្រោមក្របខ័ណ្ឌច្បាប់ ជាពិសេសគឺរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
 
សម្តេចតេជោបានបន្ថែមថា គ្មានប្រទេសណាមួយនៅលើពិភពលោកអនុវត្តប្រជាធិបតេយ្យបានល្អឥតខ្ចោះ ១០០% ដោយគ្មានចំណុចខ្វះខាតនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺការស្ថាបនា និងកែតម្រូវជាបន្តបន្ទាប់។
សម្តេចតេជោសង្ឃឹមថា តំណាង UN នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ និងស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនវឌ្ឍនភាពផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
 
នៅក្នុងជំនួបនោះ លោក ថូម៉ាស អេនឌ្រូ បានកោតសរសើរចំពោះកម្ពុជា ដែលជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ក្នុងការផ្តល់សច្ចាប័នទាក់ទងទៅនឹងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។  លោកក៏បានបង្ហាញក្តីរីករាយចំពោះសណ្តានចិត្តរបស់សម្តេចតេជោ ដែលកាលពីពេលសម្តេចធ្វើជាប្រធានអាស៊ាន បានអំពាវនាវឱ្យមានការបន្ធូរបន្ថយទោសចំពោះអ្នកទោសមីយ៉ាន់ម៉ាដែលត្រូវកាត់ទោសប្រហារជីវិត។
 
សម្តេចតេជោបានថ្លែងអំណរគុណចំពោះអ្នករាយការណ៍ពីសេស ដែលបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្ស និង ទទួលយកអនុសាសន៍រហូតដល់ទៅជាង៨០ភាគរយ។ បន្ថែមពីនេះ សម្តេចបានអរគុណលោក អេនឌ្រូ ដែលចុះទៅពិនិត្យដោយផ្ទាល់នៅតាមព្រំដែន ដើម្បីមើលពីការលំបាកពិតប្រាកដរបស់ជនភៀសសឹកកម្ពុជា ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។
 
សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសកម្ពុជារបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ៕

Advertisement

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា