អ្នកជំនាញយល់ថា ថៃខ្វះសុឆន្ទៈ ដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញយល់ថា ថៃខ្វះសុឆន្ទៈ ដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា

អ្នកជំនាញយល់ថា ថៃខ្វះសុឆន្ទៈ ដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា

គណៈរដ្ឋមន្ត្រីថៃបានតែងតាំងប្រធាន និងសមាជិកគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) រួចរាល់ហើយ ប៉ុន្តែការចរចារមិនទាន់ដំណើរការនៅឡើយទេ។ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់បែបនេះ នៅក្នុងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងម៉ានីល កាលពីយប់ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦។
 
លោកបានប្រើលេសថា ការចចារបច្ចេកទេសក្នុងក្របខ័ណ្ឌ JBC អាចនឹងសម្រេចទៅបាន លុះត្រាតែវិធានការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការបោសសម្អាតមីន និងការប្រឆាំងនឹងក្រុមជនបោកប្រាស់អនឡាញ ត្រូវបានដោះស្រាយរួចរាល់ជាមុនសិន។  
 
ជាការឆ្លើយតប លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃនេះ គឺបង្ហាញពីល្បិចកល និងការខ្វះឆន្ទៈពីភាគីថៃក្នុងការដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា។
 
លោកបណ្ឌិត ស៊ឺន សំ មើលឃើញថា កម្ពុជាមានឆន្ទៈយ៉ាងមោះមុតក្នុងការបោសសម្អាតមីន និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ដែលទទួលបានជោគជ័យ និងការសរសើរពីអន្តរជាតិ ពោលគឺមិនដូចភាគីថៃនោះទេ ដែលតែងតែចោទប្រកាន់កម្ពុជា និងនិយាយបំពានមិនចេះអៀនខ្មាស។
 
ចំណែកលោក សេង វណ្ណលី   អ្នកតាម ដាន ភូមិសាស្ត្រ នយោបាយ តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានលើកឡើងថា ការពន្យារពេលរបស់ថៃនៅក្នុងការចរចារឿងព្រំដែនគោក ដោយភ្ជាប់លក្ខខណ្ឌលើការបោសសម្អាតមីន និងបទល្មើសឆបោកតាមអនឡាញ អាចជាឧបករណ៍គាបសង្កត់ផ្នែកការទូត និងជាវិធីសាស្ត្រជៀសវាងភាពតានតឹងផ្នែកនយោបាយក្នុងស្រុក ក៏ដូចជា ដើម្បី ទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ជុំវិញកង្វល់រួមរបស់តំបន់ និងសកលលោក។
 
ដោយឡែក លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា ភាគីថៃតែងតែប្រើលេសនយោបាយដើម្បីពន្យារពេលដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា ដោយសារតែភាគីថៃមិនហ៊ានប្រឈមមុខនឹងទង្វើឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជាដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់។

Advertisement

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ប្រទេសកម្ពុជាត្រូវតែបន្ត ធ្វើការងារការទូតឱ្យសកម្ម ដើម្បីបង្ហាញទៅអន្តរជាតិឱ្សស្គាល់កាន់តែច្បាស់ពីនយោបាយទុច្ចរិតរបស់ភាគីថៃ និងការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា