អភិបាលក្រុងញូវយ៉ក ថា លោក Netanyahu ជាឧក្រិដ្ឋជនសង្គ្រាម, អាមេរិក ត្រូវតែចាប់ខ្លួនតាមដីកា ICC | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិបាលក្រុងញូវយ៉ក ថា លោក Netanyahu ជាឧក្រិដ្ឋជនសង្គ្រាម, អាមេរិក ត្រូវតែចាប់ខ្លួនតាមដីកា ICC

អភិបាលក្រុងញូវយ៉ក ថា លោក Netanyahu ជាឧក្រិដ្ឋជនសង្គ្រាម, អាមេរិក ត្រូវតែចាប់ខ្លួនតាមដីកា ICC

អាមេរិក ៖ លោក Zohran Mamdani អភិបាលក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ បានហៅលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថាជាឧក្រិដ្ឋជនសង្គ្រាម ហើយជំរុញឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ត្រូវតែអនុវត្តដីកាចាប់ខ្លួនតាមតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC ។

Advertisement

ការលើកឡើងនេះធ្វើឡើង ក្រោយ ២ ថ្ងៃ ដែលលោក Mamdani អះអាងថា លោកកំពុងពិចារណាលើលទ្ធភាពនៃការអនុវត្តដីកាចាប់ខ្លួនលោក Netanyahu នៅពេលដែលនាយករដ្ឋមន្ត្រីរូបនេះធ្វើដំណើរមកជាន់ទឹកដីទីក្រុងញូវយ៉កចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញា ។

តាមរយៈសារជាវីដេអូមួយដែលបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី២១ ខែកក្កដា, អភិបាលក្រុងញូវយ៉ករូបនេះរៀបរាប់ថា «លោក Benjamin Netanyahu គឺជាឧក្រិដ្ឋជនសង្គ្រាម និងជាអ្នកបង្កឱ្យមានអំពើប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន»។

លោកបានចោទប្រកាន់លោក Netanyahu ទៀតថា គឺជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់មនុស្ស ជាង ៧៣,០០០ នាក់, ការវាយប្រហារលើមន្ទីរពេទ្យ និង ការរារាំងមិនឱ្យអាហារ និងជំនួយមនុស្សធម៌ ទៅដល់ដៃប្រជាជនដែលកំពុងត្រូវការជំនួយ នៅក្នុងតំបន់ហ្គាហ្សា ។

យ៉ាងណា លោក Mamdani ថ្លែងថា រដ្ឋបាលរបស់លោកមិនមានអំណាចផ្លូវច្បាប់ឯករាជ្យ ក្នុងការអនុវត្តដីកាចាប់ខ្លួននោះទេ ប៉ុន្តែ រដ្ឋាភិបាលសហព័ន្ធមានអំណាចមួយនេះ ដូច្នេះ លោកអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិក ចូលរួមជាមួយ ICC អនុវត្តដីកាចាប់ខ្លួននេះ ។

ឆ្លើយតបនឹងរឿងនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បញ្ជាក់ថា លោក Netanyahu នឹងមិនត្រូវបានចាប់ខ្លួននោះឡើយ មិនថា ក្នុងទម្រង់ណាក៏ដោយ នៅពេលដែលលោកស្ថិតនៅក្នុងទឹកដីនៃសហរដ្ឋអាមេរិក ។

បើតាម Anadolu, តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងតំបន់ហ្គាហ្សា៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា