ឯកឧត្តម សាយ សំអាល់ ជំរុញការគិតគូររួម ដើម្បីប្រែក្លាយតំបន់ឆ្នេរទៅជារបៀងសេដ្ឋកិច្ច​ជាតិដ៏សំខាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សាយ សំអាល់ ជំរុញការគិតគូររួម ដើម្បីប្រែក្លាយតំបន់ឆ្នេរទៅជារបៀងសេដ្ឋកិច្ច​ជាតិដ៏សំខាន់

ឯកឧត្តម សាយ សំអាល់ ជំរុញការគិតគូររួម ដើម្បីប្រែក្លាយតំបន់ឆ្នេរទៅជារបៀងសេដ្ឋកិច្ច​ជាតិដ៏សំខាន់

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ជំរុញឱ្យភាគីពាក់ព័ន្ធរួមគ្នាគិតគូរ និងអភិវឌ្ឍសក្តានុពលតំបន់ឆ្នេរ ដើម្បីប្រែក្លាយតំបន់នេះឱ្យកាន់តែមានផលិតភាព និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

Advertisement

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានជំរុញដល់ថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទតាមតំបន់ឆ្នេរសមុទ្រកម្ពុជា រួមគ្នារិះរកវិធីសាស្រ្តកែច្នៃសក្តានុពលនៅតំបន់ឆ្នេរសមុទ្រដែលមានស្រាប់ ឱ្យកាន់តែមានលទ្ធភាព និងផលិតភាពទូលំទូលាយជាងមុន។ គោលដៅចម្បង គឺ​ប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យទៅជារបៀងសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បង្កើតចំណូល រួមចំណែកពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នេះឱ្យកាន់តែល្អប្រសើរ។​

ក្នុងការធ្វើបទបង្ហាញ និងចុះពិនិត្យទីតាំងសហគមន៍នេសាទតាមតំបន់ឆ្នេរសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកំពត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការជួបជុំគ្នានាពេលនេះគឺជាឱកាសដ៏ល្អសម្រាប់រំលឹកឡើងវិញនូវសមិទ្ធផលដែលសម្រេចបានកន្លងមក និងរួមគ្នាកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍបន្តទៅថ្ងៃខាងមុខ។
 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ ឯកឧត្តមបានលើកឡើងថា សិង្ហបុរីជាប្រទេសនាំចេញទំនិញ​ម្ហូបអាហារនានាមកកម្ពុជា ហើយខេត្តកំពត និងតំបន់ឆ្នេរសមុទ្រកម្ពុជាមានទីតាំងភូមិសាស្ត្រអំណោយផលនៅជិតប្រទេសសិង្ហបុរី ដែលអាចមានសក្តានុពលធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការផលិតអាហារសមុទ្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា តំបន់ឆ្នេរសមុទ្រកម្ពុជាមានផែទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក និងប្រព័ន្ធអ៊ីនធឺណិត ពោលគឺមានទឹក ភ្លើង ផ្លូវគ្រប់គ្រាន់ ​សម្រាប់គាំទ្រដល់ការវិនិយោគ។ លើសពីនេះ តំបន់ឆ្នេរក៏មានសក្តានុពលលើដំណាំពាណិជ្ជកម្ម ពិសេស ម្រេច និងមានផែនការពង្រីកការផលិតអំបិល និងស្ករ ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យនាពេលខាងមុខ។

ឯកឧត្តមបានគូសបញ្ជាក់ថា សក្តានុពលទាំងនេះ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាគិតគូរ និងស្វែងរកវិធីសាស្ត្រពង្រីកការអភិវឌ្ឍបន្ថែមទៀត មិនត្រឹមតែសម្រាប់ខេត្តកំពតប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងបណ្ដាខេត្តជាប់តំបន់ឆ្នេរផ្សេងទៀតផងដែរ ដើម្បីបង្កើនប្រាក់ចំណូល ពង្រឹងខឿនសេដ្ឋកិច្ចជាតិ និងធានាបាននូវកំណើនប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៥០។
 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបង្ហាញក្តីរំពឹងថា ប្រជាពលរដ្ឋនៅតំបន់ឆ្នេរ នឹងមានសុខភាពល្អ មានចំណេះដឹងខ្ពស់ មានជីវភាពធូរធារ មានប្រាក់ចំណូលនិងប្រាក់សន្សំ មានលំនៅឋានសមរម្យ ព្រមទាំងកាត់បន្ថយបំណុលគ្រួសារ តាមរយៈការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្របន្ថែម ដូចជា ផ្លូវថ្នល់ជាដើម។

ជាមួយនេះ ឯកឧត្តម សាយ សំអាល់ ក៏បានណែនាំឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមអនុវត្តគម្រោងនានា ដូចជា គម្រោង LASED គម្រោងជលផល និងគម្រោងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកដែលមានបំណងចិញ្ចឹមមាន់ ទា ជ្រូក គោ និងក្របីជាដើម។ ការពង្រីកផលិតកម្មសត្វទាំងនេះនឹងជួយបង្កើនការផ្គត់ផ្គង់សាច់ក្នុងស្រុក បង្កើតប្រាក់ចំណូល ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕
 
អត្ថបទ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា