ទូតជប៉ុន៖ ការវិនិយោគរបស់ជប៉ុនបានជួយបង្កើតការងារ ផ្តល់បច្ចេកវិទ្យាទំនើប និងបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតជប៉ុន៖ ការវិនិយោគរបស់ជប៉ុនបានជួយបង្កើតការងារ ផ្តល់បច្ចេកវិទ្យាទំនើប និងបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជា

ទូតជប៉ុន៖ ការវិនិយោគរបស់ជប៉ុនបានជួយបង្កើតការងារ ផ្តល់បច្ចេកវិទ្យាទំនើប និងបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជា

ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា បានសម្ដែងក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ។

Advertisement

ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងសហការយ៉ាងពេញលេញ និង បង្កលក្ខណៈងាយស្រួលឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ទាំងក្នុងវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ រួមទាំងសន្តិសុខ និងការពារជាតិ និងវិស័យជាច្រើនទៀត។

ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការកើនឡើងនៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនធំៗនៅកម្ពុជា ដូចជា ក្រុមហ៊ុនតូយ៉ូតាជាដើម ដែលមិនត្រឹមតែជួយបង្កើតការងារជូនពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវបច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជាទៀតផង។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិនជប៉ុន។ ជាមួយគ្នានេះ, ឯកឧត្តមបានអះអាងថា ជប៉ុននឹងនៅតែបន្តផ្ដល់ការគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានអបអរសាទរចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តម ក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន។

សម្ដេចធិបតីបានគូសរំលេចអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ តាមរយៈការដាក់ចេញនូវការកែទម្រង់សំខាន់ៗ ជាពិសេសការកែសម្រួលរចនាសម្ព័ន្ធ និងយន្តការការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ ដើម្បីផ្ដល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើនថែមទៀត។

សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្ររាល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងក្រសួងស្ថាប័ននៃប្រទេសទាំងពីរ។

សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនទៀត រួមមាន៖ សេដ្ឋកិច្ចឌីជីថល, សន្តិសុខ និងការពារជាតិ, ក៏ដូចជាការជំរុញការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ដ៏សំខាន់នាពេលអនាគត៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា