កម្ពុជាបន្តតាមដានយ៉ាងដិតដល់ការសង់របងព្រំដែនរបស់ថៃ ក្រោយបញ្ចប់ដំណាក់កាលទី១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបន្តតាមដានយ៉ាងដិតដល់ការសង់របងព្រំដែនរបស់ថៃ ក្រោយបញ្ចប់ដំណាក់កាលទី១

កម្ពុជាបន្តតាមដានយ៉ាងដិតដល់ការសង់របងព្រំដែនរបស់ថៃ ក្រោយបញ្ចប់ដំណាក់កាលទី១

យោធាថៃ បាននិយាយកាលពីថ្ងៃពុធថា របងព្រំដែនប្រវែង ១ ៣០០ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ហើយក្នុងដំណាក់កាលទី១ ក្រោយចំណាយពេលសាងសង់ចំនួន៣ខែ។ នេះបើតាមសារព័ត៌មាន Reuter ចុះផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
 
របងព្រំដែនអចិន្ត្រៃយ៍នេះ ស្ថិតនៅចន្លោះបង្គោលលេខ៥២ ដល់លេខ ៥៤ ត្រង់ព្រំប្រទល់ខេត្តចន្ទបូរី របស់ថៃ ទល់នឹងស្រុកកំរៀង ខេត្តបាត់ដំបង​។  យោធាថៃគ្រោងសាងសង់របងប្រវែងជាង៧គីឡូម៉ែត្របន្ថែមទៀត បន្តពីបង្គោលលេខ៥៤ ដល់បង្គោលលេខ៥៩ ហើយក៏នឹងពិនិត្យវាយតម្លៃ​លើការសាងសង់របងនៅក្នុង​តំបន់ផ្សេងៗនៅតាមបណ្តាយព្រំដែនជាង៨០០គីឡូម៉ែត្រនៅថ្ងៃអនាគត។ 
 
ឯកឧត្តម ចាន់ រតនា អ្នកនំាពាក្យស្តីទីក្រសួងការបទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កម្ពុជាមិនជំទាស់លើការសាងសង់របងព្រំដែនរបស់ភាគីថៃនោះទេ ឱ្យតែភាគីថៃធ្វើត្រឹមត្រូវ ស្ថិតនៅក្នុងទឹកដីថៃ ហើយមិនចូលទឹកដីកម្ពុជា។
 
លោកបន្តដូច្នេះថា ៖ ក្រុមការងារយើង នឹងតាមដានរាល់សកម្មភាពនៃការសាងសង់ និងឈូសឆាយ ប្រសិនជាមានការប៉ះពាល់ យើងនឹងតវ៉ាភ្លាម។
 
ឯកឧត្តម ស្រ៊ី បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន​ បានលើកឡើងថា ទោះបីភាគីថៃសាងសង់របងព្រំដែននៅក្នុងទឹកដីរបស់ខ្លួនក៏ពិតមែន ប៉ុន្តែវាកៀកនឹងខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។ ជាលក្ខណៈបច្ចេកទេស ការធ្វើកៀកនឹងខ្សែបន្ទាត់ព្រំដែនបែបនេះ អាចនឹងនាំឱ្យមានផលវិបាកលើនីតិវិធីនៅថ្ងៃក្រោយ ប្រសិនជាភាគីទាំងពីរឯកភាពគ្នាសាងសង់បង្គោលបេតុងបន្ថែមនៅចន្លោះបង្គោលបន្សល់ពីជំនាន់បារាំង។ 
 
ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះត្រួតពិនិត្យរបងព្រំដែនរបស់ភាគីថៃ។ កម្ពុជាបានពិនិត្យឃើញថា ការធ្វើរបងព្រំដែននេះបានបង្កឱ្យបែកបាក់បង្គោលបណ្តោះអាសន្ន​ ហើយប្រជាជនថៃបានធ្វើស្រែចំការហួសចូលដីរបស់ពលរដ្ឋខ្មែរនៅចន្លោះបង្គោលលេខ៥២ និង៥៩៕

Advertisement

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា