កម្ពុជា ទាមទារឱ្យថៃបញ្ឈប់ការឈូសឆាយដីក្នុងទឹកដីកម្ពុជា ហើយត្រូវពន្លឿនយន្តការ JBC | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ទាមទារឱ្យថៃបញ្ឈប់ការឈូសឆាយដីក្នុងទឹកដីកម្ពុជា ហើយត្រូវពន្លឿនយន្តការ JBC

កម្ពុជា ទាមទារឱ្យថៃបញ្ឈប់ការឈូសឆាយដីក្នុងទឹកដីកម្ពុជា ហើយត្រូវពន្លឿនយន្តការ JBC

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពឈូសឆាយធ្វើផ្លូវថ្មី និងរាយបន្លាលួស នៅតំបន់នានាក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅតាមបណ្តោយព្រំដែន។ នេះបើតាមក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ក្រៅពីតវ៉ាចំពោះរំលោភបំពានរបស់យោធាថៃមកលើបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាតាមរយៈក្រសួងការបរទេស ក៏ជំរុញឱ្យថៃពន្លឿនយន្តការ JBC ក្នុងការចុះវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់ផងដែរ។

Advertisement

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា កងកម្លាំងប្រដាប់អាវុធថៃ បានបន្តធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ និងរាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សម្រាប់កម្ពុជា សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១:២០០,០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែន រវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។

ការរំលោភបំពានចូលកាន់កាប់ដោយខុសច្បាប់ មកក្នុងទឹកដីរបស់កម្ពុជា មិនមែនជារឿងថ្មីឡើយ។ ភាគីថៃ បានធ្វើសកម្មភាពល្មើសច្បាប់បែបនេះ ជាបន្តបន្ទាប់ ចាប់តាំងពីជម្លោះព្រំដែនកាលពីឆ្នាំ២០២៥មកម្ល៉េះ។

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងៗទៀត ដើម្បីកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នា និងសម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

បន្ថែមលើនេះ ក្រសួងការបរទេសក៏បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត នូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

ក្រសួងការបរទេសបញ្ជាក់បន្ថែមដូច្នេះ កម្ពុជា នៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជា ជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរ ដោយប្រើកម្លាំងនោះឡើយ៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា