អគ្គនាយកដ្ឋានពន្ធនាគារណែនាំឲ្យបង្ការជំងឺគ្រុនឈាមនៅក្នុងមណ្ឌលឃុំឃាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គនាយកដ្ឋានពន្ធនាគារណែនាំឲ្យបង្ការជំងឺគ្រុនឈាមនៅក្នុងមណ្ឌលឃុំឃាំង

អគ្គនាយកដ្ឋានពន្ធនាគារណែនាំឲ្យបង្ការជំងឺគ្រុនឈាមនៅក្នុងមណ្ឌលឃុំឃាំង

អគ្គនាយកដ្ឋានពន្ធនាគារ បានចេញសេចក្តីណែនាំស្តីពីការបង្ការជំងឺគ្រុនឈាមនៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ក្រោយពីជំងឺគ្រុនឈាម បានកើតឡើងយ៉ាងគំហុកនៅដើមរដូវវស្សាហ៍ឆ្នាំ២០២៦នេះ។
 
ក្នុងសេចក្ដីណែនាំចុះថ្ងៃទី២៣ ខែកក្កដានេះ អគ្គនាយកដ្ឋានពន្ធនាគារបានប្រាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងអស់ត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត ចុះបាញ់ថ្នាំសម្លាប់សត្វមូសនៅខាងក្នុង និងខាងក្រៅ បរិ វេណមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដើម្បីបង្ការជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗទៀត ព្រមទាំងដាក់ថ្នាំសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក និងកន្លែងដែលស្តុកទឹក។
 
ជាមួយគ្នានេះ មន្រ្តីពន្ធនាគារត្រូវណែនាំឱ្យជនជាប់ឃុំទុកដាក់របស់របរសំលៀកបំពាក់ឱ្យមានសណ្តាប់ធ្នាប់ ហើយតាមអគារឃុំ និងកន្លែងធ្វើការមន្ត្រី ត្រូវរៀបចំមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ។ ចំពោះសម្ភារៈដក់ទឹកដែលទុកចោលមិនប្រើប្រាស់ ត្រូវកប់ ដុតកំទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។
 
ប្រសិនបើមន្ត្រី ឬជនជាប់ឃុំមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗចាប់ពី ៣៩ ទៅ ៤០អង្សាសេ ត្រូវទៅពិគ្រោះយោបល់ជាមួយមន្ត្រីពេទ្យពន្ធនាគារ ដើម្បីទទួលការពិនិត្យព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់តាមដែលអាចធ្វើបាន។
 
ជំងឺគ្រុនឈាមចម្លងតាមរយៈមូសខ្លាញីខាំ។ ជំងឺនេះអាចបណ្ដាលមានរោគសញ្ញា ក្ដៅខ្លួន ឈឺក្បាល ក្ដៅណែនក្នុងភ្នែកគ្រាប់ភ្នែក ឈឺសាច់ដុំ និងសន្លាក់។ អ្នកជំងឺមានចេញកន្ទួល ក្រហមអុចៗលើស្បែក មិនចង់ញាំអាហារ ក្អួត រឺចង្អោរ ព្រមទាំងអស់កម្លាំង ល្ហិតល្ហៃ និងអាចមានហូរឈាមតាមអញ្ចាញធ្មេញ ឬច្រមុះ។
 
ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមនៅរដូវវស្សានេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ដោយជីកកប់វត្ថុដែលអាចដក់ទឹកបាន ទុកដាក់សំបកកង់ឡាន កង់ម៉ូតូឱ្យត្រឹមត្រូវ និងដាក់ថ្នាំអាបែត គ្របពាងទឹក ឬចិញ្ចឹមកូនត្រីប្រាំពីពណ៌ក្នុងពាងទឹកផងដែរ៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា