អ៊ីស្រាអែល ព្រមានថា អារ៉ាប៊ីសាអូឌីត អាចក្លាយជារដ្ឋឈូងសមុទ្រផលិតអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ មិនចាញ់ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ព្រមានថា អារ៉ាប៊ីសាអូឌីត អាចក្លាយជារដ្ឋឈូងសមុទ្រផលិតអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ មិនចាញ់ អ៊ីរ៉ង់

អ៊ីស្រាអែល ព្រមានថា អារ៉ាប៊ីសាអូឌីត អាចក្លាយជារដ្ឋឈូងសមុទ្រផលិតអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ មិនចាញ់ អ៊ីរ៉ង់

ហ្ស៊េរុយសាឡិម ៖ ក្រុមអ្នកនយោបាយនៅប្រទេសអ៊ីស្រាអែល បានចេញមុខព្រមាន កាលពីថ្ងៃពុធថា អារ៉ាប៊ីសាអូឌីត អាចនឹងឈានទៅផលិតអាវុធនុយក្លេអ៊ែរ បង្កការគំរាមកំហែងក្នុងតំបន់មជ្ឈិមបូព៌ា ដូចអ៊ីរ៉ង់ផងដែរ ។
 
យោងតាម The Jerusalem Post, ការព្រមាននេះកើតឡើងភ្លាមៗ បន្ទាប់ពីអាមេរិក និងអារ៉ាប៊ីសាអូឌីត សម្រេចកិច្ចព្រមព្រៀងថ្មីមួយ ដែលអាចផ្តល់ឱ្យប្រទេសឈូងសមុទ្រមួយនេះ នូវសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់កម្មវិធីនុយក្លេអ៊ែរផ្នែកស៊ីវិលរបស់ខ្លួន ។

Advertisement

អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ចំនួនពីររូប គឺ លោក Avigdor Liberman និង លោក Benny Gantz ព្រមានថា កិច្ចព្រមព្រៀងនេះ អាចបង្កឱ្យមានការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ ។

អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលទាំងពីររូបនេះព្រមានទៀតថា ស្ថានភាពនេះអាចកើតឡើងបាន ដោយសារតែ អារ៉ាប៊ី សាអូឌីត ជាប្រទេសកាន់សាសនាឥស្លាមនិកាយស៊ុននី ដូច អ៊ីរ៉ង់ ដែរ ដូច្នេះ បើមានសមត្ថភាពនុយក្លេអ៊ែរ នោះវាអាចជំរុញឱ្យគូប្រជែងរបស់ខ្លួន គឺ ទីក្រុងតេហេរ៉ង់ ចាត់វិធានការកាន់តែខ្លាំងក្លាថែមទៀត ឆ្ពោះទៅរកការផលិតគ្រាប់បែកនុយក្លេអ៊ែរដូចគ្នា ។

បច្ចុប្បន្ន អ៊ីរ៉ង់មានសមត្ថភាពក្នុងការចម្រាញ់សារធាតុនុយក្លេអ៊ែររួចទៅហើយ ហើយគោលបំណងនៃសង្គ្រាមបច្ចុប្បន្ន ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺដើម្បីទប់ស្កាត់កុំឱ្យប្រទេសនេះទទួលបានអាវុធនុយក្លេអ៊ែរនេះឯង ។

ចំណែក លោក Liberman ដែលជាប្រធានគណបក្ស Yisrael Beytenu បានសរសេរ នៅលើបណ្តាញសង្គម X ថា «កម្មវិធីនុយក្លេអ៊ែរសម្រាប់គោលបំណងស៊ីវិល នៅអារ៉ាប៊ី សាអូឌីត នឹងបញ្ចប់ទៅដោយការផលិតអាវុធនុយក្លេអ៊ែរ ហើយវានឹងនាំឱ្យមានការប្រណាំងប្រជែងអាវុធដ៏ឆ្កួតលីលា នៅទូទាំងតំបន់មជ្ឈិមបូព៌ា»។

ជាមួយគ្នានេះ, លោក Yair Golan ដែលជាអតីតឧត្តមសេនីយ៍ទោនៃកងកម្លាំងការពារអ៊ីស្រាអែល និងបច្ចុប្បន្នជាប្រធានគណបក្សនយោបាយប្រឆាំងមួយរូបទៀតលើកឡើងថា ការផ្តល់សមត្ថភាពនុយក្លេអ៊ែរដល់ អារ៉ាប៊ី សាអូឌីត ដោយគ្មានតម្រូវការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងគ្មានលក្ខខណ្ឌនៃក្របខ័ណ្ឌទំនាក់ទំនងជាមួយអ៊ីស្រាអែល នឹងបង្កើតឱ្យមានស្ថានភាពដ៏គ្រោះថ្នាក់ សម្រាប់ទីក្រុងហ៊្សេរុយសាឡិម។

យ៉ាងណាមិញ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងអាមេរិក និង អារ៉ាប៊ីសាអូឌីត នឹងត្រូវដាក់ជូនសភា ដើម្បីពិនិត្យមើល ហើយកិច្ចព្រមព្រៀងមួយនេះ អាចត្រូវបានរារាំងបាន លុះត្រាតែមានសំឡេងគាំទ្រឲ្យជំទាស់ ពីសមាជិកសភា ចំនួនពីរភាគបី ៕

ប្រភព The Jerusalem Post_timesofisrael ៖ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា