លោក ត្រាំ ឲ្យយកលុយបង្កកអ៊ីរ៉ង់ ទូទាត់ថ្លៃខូចខាតដល់នាវាដែលរងការវាយប្រហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ឲ្យយកលុយបង្កកអ៊ីរ៉ង់ ទូទាត់ថ្លៃខូចខាតដល់នាវាដែលរងការវាយប្រហារ

លោក ត្រាំ ឲ្យយកលុយបង្កកអ៊ីរ៉ង់ ទូទាត់ថ្លៃខូចខាតដល់នាវាដែលរងការវាយប្រហារ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសយកលុយបង្កករបស់អ៊ីរ៉ង់ បង្វែរទៅទូទាត់ឲ្យនាវាដែលរងការវាយប្រហារ នៅច្រកសមុទ្រហ័រមូស។

Advertisement

មេដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមប្រើប្រាស់ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក ដើម្បីទូទាត់ថ្លៃខូចខាតដល់នាវា និងទំនិញ ដែលរងផលប៉ះពាល់ពីការវាយប្រហារនានា នៅក្នុង និងជុំវិញតំបន់ឈូងសមុទ្រ។

លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «សូមចាត់ទុកសេចក្តីថ្លែងការណ៍នេះជាការបញ្ជាក់ថា ចាប់ពីពេលនេះតទៅ រាល់ការខូចខាតទាំងឡាយដែលកើតមានចំពោះនាវា ទំនិញ ឬអ្វីៗដែលពាក់ព័ន្ធនឹងរឿងនេះ នឹងត្រូវទូទាត់ដោយប្រើប្រាស់ប្រាក់របស់អ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកកំពុងកាន់កាប់ និងគ្រប់គ្រង»។

ការលើកឡើងនេះ នៅក្រោយ១ថ្ងៃ ដែលលោក Donald Trump ប្តេជ្ញាថា នឹងទម្លាក់គ្រាប់បែកលើស្ពាន និងរោងចក្រថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បាញ់ប្រហារលើនាវាទាំងឡាយណា នៅច្រកសមុទ្រ ហ័រមូស។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បើទោះបីជា គូរជម្លោះទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមិថុនា ក្រោមការសម្របសម្រួល ពីសំណាក់ប្រទេសប៉ាគីស្ថាន ក៏ដោយ ។

ជាងនេះទៀត អាមេរិកបានសម្រុកបញ្ជូនកម្លាំងនិងសម្ភារៈយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលមានការសង្ស័យថា អាមេរិក និងអ៊ីស្រាអែលអាចស្រាក់ដៃគ្នា វាយប្រហារឈុតធំជាថ្មី លើប្រទេសអ៊ីរ៉ង់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា