កម្ពុជាអំពាវនាវឱ្យអាស៊ាន និងប្រទេសដៃគូ រឹតបន្តឹងកិច្ចសហ ប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាអំពាវនាវឱ្យអាស៊ាន និងប្រទេសដៃគូ រឹតបន្តឹងកិច្ចសហ ប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

កម្ពុជាអំពាវនាវឱ្យអាស៊ាន និងប្រទេសដៃគូ រឹតបន្តឹងកិច្ចសហ ប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

 ភ្នំពេញ៖កម្ពុជាបានអំពាវនាវឱ្យអាស៊ាន និងប្រទេសដៃគូបង្កើន​កិច្ចសហ ប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ខណៈដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការ​បង្ក្រាបការឆបោកតាមអនឡាញនៅចុងឆ្នាំនេះ។
 
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយបណ្តាប្រទេស ដៃគូសន្ទនានាទីក្រុងម៉ានីល ប្រទេសហ្វីលីពីននាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអំពាវនាវឱ្យមាន កិច្ច​សហប្រតិ​បត្តិ​ការ​កាន់តែរឹងមាំ និងជិតស្និទ្ធរវាងបណ្តាប្រទេស សមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម​នៃឧក្រិដ្ឋ​កម្មឆ្លង​ដែនដែលកំពុងកើតមាននៅក្នុងតំបន់។
 
សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយបណ្តា ប្រទេសដៃគូសន្ទនារួមមាន សហរដ្ឋអាម៉េរិក, ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ, អូស្ត្រាលី, កាណាដា, សហភាពអឺរ៉ុប, ឥណ្ឌា, នូវែលសេឡង់, រុស្ស៊ី និងចក្រភពអង់គ្លេស ។
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងទៀតថា ដោយឡែកក្នុងកិច្ច​ប្រជុំ​រដ្ឋមន្ត្រីការ​បរទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ តំណាងកម្ពុជាបានស្នើឱ្យមាន កិច្ចសហប្រតិបត្តិការបន្ថែម​ទៀតលើការអនុវត្ត​ច្បាប់ ការចែករំលែក ព័ត៌មានចារកម្ម ការកសាងសមត្ថភាពស្ថាប័ន និងការបង្កើតសកម្មភាព រួមគ្នាក្នុងការបង្ក្រាបបណ្តាញ​ឧក្រិដ្ឋកម្ម។
 
ជាមួយគ្នានេះដែរ កម្ពុជាបានប្រកាសនៅក្នុងកិច្ចប្រជុំថា កម្ពុជា​នឹង ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការ​ប្រយុទ្ធ​ប្រឆាំង​នឹង ការឆបោកតាមប្រព័ន្ធអនឡាញនៅចុងឆ្នាំ២០២៦ នេះ ដើម្បីរួម ចំណែកដោះស្រាយវិបត្តិឆបោកបច្ចេកវិទ្យាដែល​កំពុង​គំរាម​កំហែងដល់សន្តិសុខក្នុងតំបន់ និងសកលលោក។
 
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស បានប្រាប់ បណ្តាញសារព័ត៌មាន AMS នៅថ្ងៃសុក្រទី២៤ កក្កដាថា រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃនៃបណ្តាសមាជិកអាស៊ាន បានចាប់ដៃពង្រឹងអនុវត្ត ច្បាប់ ចែករំលែកព័ត៌មានចារកម្មគ្នាទៅវិញទៅមក និងការដាក់ចេញ គោលនយោបាយប្រយុទ្ធប្រឆាំងអំពើឆបោកបច្ចេកវិទ្យា។
 
ដោយឡែកឯកឧត្តមបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជា តែងតែបើកទ្វារចំហរយ៉ាងទូលំ​ទូលាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែន និងការឆបោកតាម ប្រព័ន្ធអនឡាញ ដែលបច្ចុប្បន្នមានប្រទេសដៃគូមិនតិចជាង ២០ ប្រទេសនោះទេ។
 ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថា ផ្អែកលើការគោរពច្បាប់អន្តរជាតិ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ បច្ចុប្បន្ន កម្ពុជា​កំពុងចាប់ដៃយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់ជាមួយប្រទេស ធំៗ រួមមាន សហរដ្ឋអាម៉េរិក ចិន និងកូរ៉េខាងត្បូង ក្នុង​ប្រតិបត្តិការ​លុបបំបាត់បទល្មើសបច្ចេកវិទ្យាទាំងនេះ។
 យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បង្ហាញថា ក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ក្នុងនោះសមត្ថកិច្ចកម្ពុជាក៏បានបន្តកម្ទេចក្រុមតូចៗ បន្ថែមទៀត ខណៈជនបរទេសជាង ៣០ម៉ឺននាក់ បានស្ម័គ្រចិត្ត ចាកចេញ និងត្រូវបានបណ្ដេញចេញពីពីកម្ពុជាត្រឡប់ទៅប្រទេស ដើមវិញ៕

Advertisement


ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា