អាស៊ានគាំទ្រឲ្យកម្ពុជា និងថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យពេញលេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាស៊ានគាំទ្រឲ្យកម្ពុជា និងថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យពេញលេញ

អាស៊ានគាំទ្រឲ្យកម្ពុជា និងថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យពេញលេញ

ប្រទេសជាសមាជិកអាស៊ានបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃក្នុងការរក្សាបទឈប់បាញ់ ហើយអំពាវនាវឲ្យប្រទេសទាំងពីរគោរពកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញ ខណៈប្រទេសថៃនៅតែមិនអើពើអនុវត្តចំណុចជាច្រើន។

Advertisement

នៅក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី ២១ កក្កដា ហើយផ្សព្វផ្សាយកាលពីម្សិលមិញ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន អាស៊ានបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការរក្សា និងពង្រឹងការអនុវត្តបទឈប់បាញ់ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែនរួមរវាងប្រទេសទាំងពីរ។

ក្នុងសេចក្តីថ្លែងការណ៍រួមនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់ជាថ្មីពីការគាំទ្រចំពោះការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ អាស៊ានចាត់ទុកថា ការអនុវត្តកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន ។

អាស៊ានក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការសម្របសម្រួលរបស់ប្រទេសហ្វីលីពីន ក្នុងការតាមដាន និងធានាឱ្យមានការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ អាស៊ានក៏បានស្វាគមន៍ជំនួបត្រីភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដែលបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នាទីក្រុងសេប៊ូ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ ដោយបានគូសរំលេចពីភាពចាំបាច់នៃកិច្ចសន្ទនាប្រកបដោយការស្ថាបនា ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តរវាងប្រទេសទាំងពីរ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា ការអំពាវនាវរបស់អាស៊ាននេះ គឺជាចំណុចល្អដែលកម្ពុជាចង់បាន ដោយហេតុថា កន្លងមក ប្រទេសថៃតែងតែរំលោភលើសេចក្តីប្រកាសរួម GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងការធ្វើរបង ការរាយបន្លាលួយ និងការដាក់ទូរកុងតឺន័រចូលជ្រៅក្នុងទឹកដីកម្ពុជា។ ជាងនេះទៅទៀត ថៃក៏មិនបានអើពើចាប់ផ្តើមការចរចារ និងបន្តកិច្ចការខណ្ឌសីមាក្រោមយន្តការ JBC ដែរ។

មិនតែប៉ុណ្ណោះ ថៃក៏មិនបានអនុវត្តតាមការឯកភាពគ្នាពាក់ព័ន្ធនឹងការវិលត្រឡប់របស់ជនភៀសសឹកនោះឡើយរ។ ជាក់ស្តែង ជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ នៅតែពុំទាន់អាចត្រឡប់ទៅកាន់លំនៅឋាន និងប្រើប្រាស់ដីធ្លីរបស់ខ្លួនបាន ដោយសារការរារាំងពីយោធាថៃ។

ផ្ទុយទៅវិញ ភាគីកម្ពុជាបាន និងកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នេះដោយពេញលេញ ស្មោះត្រង់ និង ការទទួលខុសត្រូវ ហើយតែងតែអំពាវនាវជាបន្តបន្ទាប់ឲ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរឯកភាពគ្នាកន្លងមក៕

អត្ថបទ៖ ទុង សុខលីម

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា