សម្តេចធិបតី ប្រាប់ Bloomberg ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលុបបំបាត់ និងកម្ទេចបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ប្រាប់ Bloomberg ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលុបបំបាត់ និងកម្ទេចបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ

សម្តេចធិបតី ប្រាប់ Bloomberg ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលុបបំបាត់ និងកម្ទេចបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Bloomberg សម្តេចធិបតីនាយករដ្ឋមន្ត្រីបានប្រាប់សារព័ត៌មានអំពី​ការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកម្ទេចបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងវិវឌ្ឍនកាន់តែស្មុគស្មាញ ។

Advertisement

ក្នុងកិច្ចសម្ភាសន៍ជាមួយលោកស្រី អេវរីល ហុង (Avril Hong) នៃទីភ្នាក់ងារសារព័ត៌មាន ប្ល៊ូមប៊ើក (Bloomberg) ដែល​បានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បទល្មើសបច្ចេកវិទ្យា និងការ​ឆបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាឆ្លងដែន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងស្អិតរមួត រវាងប្រទេស​មហាអំណាចដូចជា សហរដ្ឋអាម៉េរិក និងចិន ដោយសារតែបណ្តាញឧក្រិដ្ឋជនទាំងនេះ មិនប្រកាន់និន្នាការនយោបាយ និងអាច​វាយប្រហារប្រទេសទាំងពីរក្នុងពេលតែមួយដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុ ។

សម្ដេចធិបតីបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិ ស្តីពីការឆបោកតាម​ប្រព័ន្ធ​អនឡាញ» ដោយមានការចូលរួមពីភាគីចិន និងទីភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI ដែលដឹកនាំដោយលោក ខាស ផាថែល (Kash Patel)។ បន្ថែមលើនេះសម្តេចធិបតី បានបដិសេធចំពោះការលើកឡើងថា មានក្រុមឧក្រិដ្ឋជនកំពុងប្រើប្រាស់​តំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជាដើម្បីបិទបាំងបទល្មើស ដោយសម្តេច បានចេញបញ្ជាដាច់ណាត់ឱ្យអាជ្ញាធរត្រួតពិនិត្យ ហើយប្រសិនបើរកឃើញ នឹងត្រូវរងទណ្ឌកម្មតាមច្បាប់ជាធរមាន ព្រោះតំបន់ទាំងនោះ ត្រូវបានបង្កើតឡើងសម្រាប់តែទាក់​ទាញ​ការវិនិយោគផ្ទាល់ពីបរទេសប៉ុណ្ណោះ ។

ក្នុងសំណួរដែលប្លូមប៊ើកបានសួរសម្ដេចធិបតី ពីសមាជិកព្រឹទ្ធសភា លី យ៉ុងផាត់ ដែលត្រូវបានសហរដ្ឋអាម៉េរិក​ដាក់ទណ្ឌកម្ម​ដោយសារការចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម។ សមាជិកព្រឹទ្ធសភា កុក អាន ក៏ត្រូវបានដាក់ទណ្ឌកម្មពីបទពាក់ព័ន្ធ នឹង​ការជួញដូរមនុស្ស ។ តើវិធានការរបស់សហរដ្ឋអាម៉េរិកមានភាពយុត្តិធម៌ដែរឬទេ?

ជុំវិញករណីនេះសម្តេចធិបតី យល់ឃើញថា នេះជារឿងផ្ទាល់ខ្លួន ហើយសាមីខ្លួន បានជួលក្រុមមេធាវី ដើម្បីតតាំងតាមផ្លូវច្បាប់ និងស្វែងរកការបញ្ជាក់ភាពស្អាតស្អំ របស់ពួកគាត់ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដោយកន្លងមកបានដកតំណែងមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ផ្កាយ៣ ផ្កាយ២ ផ្កាយ១ ព្រមទាំងអភិបាលខេត្ត និងស្នងការនគរបាលខេត្តមួយចំនួន ដែលមានភស្តុតាងពាក់ព័ន្ធ ហើយការស៊ើបអង្កេតជាច្រើនទៀត កំពុងបន្តធ្វើឡើងយ៉ាងម៉ឺងម៉ាត់ ។

គួរបញ្ជាក់ថា កម្ពុជា តែងតែបើកទ្វារចំហរយ៉ាងទូលំទូលាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសទាំងអស់​នៅលើពិភពលោក ដើម្បីរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលបច្ចុប្បន្នមានប្រទេសដៃ​គូមិនតិចជាង ២០ ប្រទេសនោះទេ ។
 
បើតាមឯកឧត្តមបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ផ្អែកលើការគោរពច្បាប់អន្តរជាតិ និងមិន​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ បច្ចុប្បន្នកម្ពុជាកំពុងចាប់ដៃយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់ជាមួយប្រទេសធំៗ រួមមាន សហរដ្ឋអាម៉េរិក ចិន និងកូរ៉េខាងត្បូង ក្នុងប្រតិបត្តិការលុបបំបាត់បទល្មើសបច្ចេកវិទ្យាទាំងនេះ ។
 
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃនាពេលថ្មីៗនេះ បង្ហាញថា ក្រុមឆបោកទ្រង់ទ្រាយធំ ត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ក្នុងនោះ សមត្ថកិច្ចកម្ពុជាក៏បានបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត ខណៈជនបរទេសជាង ៣០ម៉ឺននាក់ បានស្ម័គ្រ​ចិត្តចាកចេញ និងត្រូវបានបណ្ដេញចេញពីពីកម្ពុជាត្រឡប់ទៅប្រទេសដើមវិញ ។

ក្នុងឆមាសទី១ឆ្នាំនេះដែរអាជ្ញាធរកម្ពុជា បានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបណ្តេញជនបរទេសខុសច្បាប់ចេញ​ពីប្រទេសបានជាង ៤៥.០០០ពាន់នាក់ ក្រោមយុទ្ធនាការក្តៅនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ៕
ដោយ៖ស៊ូវណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា