ឯកឧត្តម គង់ ភោគ៖ សន្ធិសញ្ញា TAC មិនអាចបង្ការជម្លោះដោយពាក្យសម្ដីតែមួយមុខបានឡើយ ពោលគឺគោលការណ៍របស់សន្ធិសញ្ញាត្រូវតែបង្ហាញតាមរយៈការអនុវត្តរបស់រដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម គង់ ភោគ៖ សន្ធិសញ្ញា TAC មិនអាចបង្ការជម្លោះដោយពាក្យសម្ដីតែមួយមុខបានឡើយ ពោលគឺគោលការណ៍របស់សន្ធិសញ្ញាត្រូវតែបង្ហាញតាមរយៈការអនុវត្តរបស់រដ្ឋ

ឯកឧត្តម គង់ ភោគ៖ សន្ធិសញ្ញា TAC មិនអាចបង្ការជម្លោះដោយពាក្យសម្ដីតែមួយមុខបានឡើយ ពោលគឺគោលការណ៍របស់សន្ធិសញ្ញាត្រូវតែបង្ហាញតាមរយៈការអនុវត្តរបស់រដ្ឋ

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានបញ្ជាក់ថា ប្រសិទ្ធភាពនៃវិធីសាស្ត្របង្ការតាមរយៈការទូត ពឹងផ្អែកលើឆន្ទៈនយោបាយ ហើយបានគូសបញ្ជាក់ថា សន្ធិសញ្ញា TAC មិនអាចបង្ការជម្លោះដោយពាក្យសម្ដីតែមួយមុខបានឡើយ ពោលគឺគោលការណ៍របស់សន្ធិសញ្ញាត្រូវតែបង្ហាញតាមរយៈការអនុវត្តរបស់រដ្ឋ។ ការបញ្ជាក់បែបនេះ នៅក្នុងសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

ឯកឧត្តមបានអំពាវនាវដល់ឧត្តមភាគីចុះកិច្ចព្រមព្រៀងទាំងអស់ ឱ្យប្រែក្លាយគោលការណ៍ដ៏យូរអង្វែងរបស់សន្ធិសញ្ញាទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាថា សន្ធិសញ្ញា TAC បន្តធ្វើជាមូលដ្ឋានដ៏រស់រវើកសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុង និងក្រៅតំបន់។ ក្រោមមូលបទ «ការពង្រឹងសន្ធិសញ្ញា TAC ឡើងវិញ៖ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការផ្អែកលើច្បាប់ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលកំពុងមានការប្រែប្រួល» សន្និសីទជាន់ខ្ពស់នេះបានប្រមូលផ្តុំតំណាងនៃឧត្តមភាគីចុះកិច្ចព្រមព្រៀងមកពីជុំវិញពិភពលោក ដើម្បីអបអរសាទរខួបលើកទី៥០ នៃសន្ធិសញ្ញា TAC។

ឧត្តមភាគីចុះកិច្ចព្រមព្រៀងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ជាមូលដ្ឋាននៃសន្ធិសញ្ញា រួមមាន ការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ការបដិសេធការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី។ ស្របពេលដែលបរិបទភូមិសាស្ត្រនយោបាយកំពុងវិវត្ត ភាពតានតឹងសកលកាន់តែកើនឡើង និងពហុភាគីនិយមកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង សន្ធិសញ្ញា TAC នៅតែបន្តដើរតួនាទីជាសសរស្តម្ភសម្រាប់ស្ថិរភាពក្នុងតំបន់ ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការផ្អែកលើច្បាប់ ទាំងនៅក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍។

ក្នុងកិច្ចពិភាក្សាតាមមូលបទស្តីពី «ការបង្ការជម្លោះ និងវិធីសាស្ត្រ បង្ការតាមរយៈការទូត» ឯកឧត្តម គង់ ភោគ បានគូសបញ្ជាក់ថា តម្លៃពិតប្រាកដនៃសន្ធិសញ្ញា TAC ស្ថិតនៅក្នុងការកសាងវប្បធម៌ក្នុងតំបន់ ដែលការពិគ្រោះយោបល់ ការអត់ធ្មត់ និងការសន្ទនា គឺជាមធ្យោបាយចម្បងក្នុងការដោះស្រាយភាពខ្វែងគំនិតគ្នា៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា