សិង្ហបុរីប្រកាសថ្កោលទោសការវាយប្រហារ នៅអារ៉ាប៊ី សាអូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរីប្រកាសថ្កោលទោសការវាយប្រហារ នៅអារ៉ាប៊ី សាអូឌីត

សិង្ហបុរីប្រកាសថ្កោលទោសការវាយប្រហារ នៅអារ៉ាប៊ី សាអូឌីត

សិង្ហបុរី ៖ ប្រទេស សិង្ហបុរី កាលពីថ្ងៃអាទិត្យ បានប្រកាសថ្កោលទោសការវាយប្រហារ ថ្មីៗនេះទៅលើប្រទេស អារ៉ាប៊ី សាអូឌីត រួមទាំងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និង នាវាពាណិជ្ជកម្ម នៅក្នុងសមុទ្រក្រហម ហើយបានជំរុញឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់។

Advertisement

អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី បានរៀបរាប់ថា «វាជារឿងចាំបាច់ណាស់ដែលសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍ត្រូវតែគោរព និងរក្សាទុកស្របតាមច្បាប់អន្តរជាតិ ដូចមានចែងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ហៅកាត់ UNCLOS ហើយសុវត្ថិភាពរបស់នាវិក និងនាវាត្រូវតែធានា ស្របតាមអនុសញ្ញាអន្តរជាតិស្តីពីសុវត្ថិភាពជីវិតនៅសមុទ្រ ហៅកាត់ SOLAS»។

ក្រសួងការបរទេសបានបញ្ជាក់ថា «យើងជំរុញឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់ និងជៀសវាងសកម្មភាព ដែលអាចបង្កើនភាពតានតឹងបន្ថែមទៀត»។

ការលើកឡើងរបស់ក្រសួងនេះបានធ្វើឡើង បន្ទាប់ពីក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាស កាលពីថ្ងៃអាទិត្យថា ពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អារ៉ាប៊ីសាអូឌីត មួយគ្រឿង នៅភាគពាយព្យនៃប្រទេសយេម៉ែន ពោលគឺមួយថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមយេម៉ែននេះបានអះអាងថា ពួកគេបានវាយប្រហារលើកន្លែងផលិតប្រេង នៅក្នុងប្រទេស អារ៉ាប៊ី សាអូឌីត។

មួយថ្ងៃមុននោះ ក្រុម Houthi បាននិយាយថា ពួកគេបានវាយប្រហារទីតាំងរបស់ក្រុមហ៊ុន Saudi Aramco នៅតំបន់ Jizan និង Yanbu បន្ទាប់ពីទីក្រុង Riyadh បានទម្លាក់គ្រាប់បែកលើគោលដៅរបស់ក្រុម Houthi កាលពីថ្ងៃសុក្រ។

ការវិវត្តន៍នេះ ផ្តើមដំបូងចេញពីការវាយប្រហារ លើយន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់ ដែលដឹកគណៈប្រតិភូជាន់ខ្ពស់ Houthi ចាកចេញពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុង សាណា កាលពីពាក់កណ្តាលខែកក្កដា។ រដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយ ប្រទេស អារ៉ាប៊ី សាអូឌីត បានចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើអធិបតេយ្យភាព របស់ខ្លួន ហើយបានចោទប្រកាន់ថា ជើងហោះហើរបែបនេះអាចត្រូវបានប្រើ ដើម្បីដឹកជញ្ជូនបុគ្គលិកយោធា និង អ្នកជំនាញបច្ចេកទេស៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា