រកឃើញសំបុកសត្វក្រៀលជិតផុតពូជចំនួន៣ នាដើមរដូវបន្តពូជនៅដែនជម្រកសត្វលំផាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រកឃើញសំបុកសត្វក្រៀលជិតផុតពូជចំនួន៣ នាដើមរដូវបន្តពូជនៅដែនជម្រកសត្វលំផាត់

រកឃើញសំបុកសត្វក្រៀលជិតផុតពូជចំនួន៣ នាដើមរដូវបន្តពូជនៅដែនជម្រកសត្វលំផាត់

ភ្នំពេញ៖ក្រុមការងារស្រាវជ្រាវ និងអភិរក្សបានរកឃើញសំបុកសត្វក្រៀលចំនួន៣ នៅដើមរដូវបន្តពូជឆ្នាំនេះ នៅក្នុងដែន​ជម្រក​សត្វព្រៃលំផាត់។សត្វក្រៀលជាប្រភេទសត្វស្លាបកម្រ និងកំពុងរងការគំរាម​កំហែងឈានទៅរកការផុតពូជ។
 
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) នៅថ្ងៃទី២៧ ខែកក្កដា នេះ បានប្រកាសពីលទ្ធផល​បឋម​ដ៏គួរឱ្យ​រីករាយ បន្ទាប់ពីក្រុមការងារបានរកឃើញសំបុកសត្វក្រៀលចំនួន ៣សំបុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ នាដើមរដូវ​បន្ត​ពូជឆ្នាំនេះ។
 
ដែនជម្រកសត្វព្រៃលំផាត់ គឺជាទីជម្រកធម្មជាតិ ដែលកំពុងផ្តល់នូវប្រភពចំណី និងទីតាំងប្រកបដោយសុវត្ថិភាពសម្រាប់​ការបន្ត​ពូជនារដូវវស្សារបស់សត្វក្រៀល។ សត្វក្រៀលគឺជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេ ដែលអាចហោះហើរបាន ហើយបច្ចុប្បន្នកំពុងរងការគំរាមកំហែង និងប្រឈមនឹងការផុតពូជលើសកលលោក ។

យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា ចាប់ពីខែមិថុនា ដល់ខែកក្កដា នាដើមរដូវវស្សាឆ្នាំនេះ ទោះជាត្រូវប្រឈមមុខនឹង​ការ​លំបាកយ៉ាងណាក៏ដោយ ក៏ក្រុមការងារសិក្សាជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា នៅតែបន្តបេសកកម្មយ៉ាងសកម្ម ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍មូលដ្ឋាន ដើម្បីចុះអង្កេត និងស្វែងរកសំបុកសត្វ​ក្រៀលនៅតាមទីតាំងសំខាន់ៗដែលធ្លាប់មានវត្តមានសត្វកម្រនេះពីមុនមក។
 
ក្រោមការឧបត្ថម្ភថវិកាពីគម្រោងរេដបូក ដែនជម្រកសត្វព្រៃលំផាត់ ការស្រាវជ្រាវអង្កេតតាមដាន និងការការពារទីជម្រកសត្វ​ក្រៀលត្រូវបានចាត់ជាអាទិភាពចម្បង។ ជាលទ្ធផលក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្រុមការងារបានរកឃើញសំបុក​សត្វ​ក្រៀលមានកើនឡើងច្រើនជាងមុន។ និន្នាការវិជ្ជមាននេះ បានឆ្លុះបញ្ចាំងយ៉ាងចាស់ពីប្រសិទ្ធភាពនៃគម្រោងរេដបូក ដែល​បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នារវាងអង្គការ មន្ត្រីជំនាញ និងប្រជាសហគមន៍។
 
ដោយសាររដូវបន្តពូជរបស់សត្វក្រៀល នឹងត្រូវបញ្ចប់នៅក្នុងខែតុលាខាងមុខ ក្រុមការងារនេះ រំពឹងថានឹងអាចរកឃើញសំបុកថ្មីៗ​បន្ថែមទៀតនៅក្នុងតំបន់នេះ។ ទន្ទឹមនឹងនេះអង្គការជីវិតធម្មជាតិនៅកម្ពុជា បានអំពាវនាវដល់សាធារណជន និងប្រជាសហគមន៍ ឱ្យចូលរួមការពារសត្វក្រៀល និងថែរក្សាដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា ដើម្បីធានានូវអនាគត និងការរស់នៅដោយ​សុវត្ថិភាព​របស់​បក្សីដ៏កម្រជិតផុតពូជមួយនេះ។
 
គួររំលឹកថា ក្នុងឆ្នាំ២០២៥កន្លងទៅក្រុមការងារអភិរក្សនៅកម្ពុជាទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយចំនួនសត្វក្រៀល​បាន​កើនឡើងដល់ ២១៤ក្បាល ពោលគឺកើនឡើង ២០% បើធៀបនឹងឆ្នាំ២០២៤។ ការរាប់ចំនួនសត្វក្រៀល ត្រូវបានធ្វើឡើង​ជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែឧសភា នៅតាមទីតាំងសំខាន់ៗចំនួន ១៣កន្លែង នៅក្នុងតំបន់អាងទន្លេមេគង្គក្រោម៕

Advertisement


ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា