ផ្សោតទន្លេមេគង្គត្រូវបានប្រទះឃើញស្លាប់នៅខេត្តកណ្តាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្សោតទន្លេមេគង្គត្រូវបានប្រទះឃើញស្លាប់នៅខេត្តកណ្តាល

ផ្សោតទន្លេមេគង្គត្រូវបានប្រទះឃើញស្លាប់នៅខេត្តកណ្តាល

ផ្សោតមួយក្បាលត្រូវបានប្រជាជនពលរដ្ឋប្រទះឃើញស្លាប់នៅខេត្តកណ្តាល ដែលជាករណីស្លាប់ដោយសារកត្តាមនុស្សលើកទី១ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤មក។

Advertisement

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានការប្រទះឃើញសត្វផ្សោតទន្លេមេគង្គមួយក្បាលស្លាប់នៅចំណុចកំពង់ចម្លងស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផល សហការជាមួយអង្គការ WWF បានបញ្ជាក់ថា សត្វផ្សោតដែលស្លាប់មានលេខសម្គាល់ ០១៨ ជាផ្សោតឈ្មោល អាយុប្រមាណពី ១២ ដល់ ១៤ឆ្នាំ មានប្រវែង ២ម៉ែត្រ និងទម្ងន់ ៦៤គីឡូក្រាម។ ផ្សោតនេះធ្លាប់រស់នៅតំបន់អន្លង់កាំពី ខេត្តក្រចេះ និងត្រូវបានប្រជានេសាទជួយសង្គ្រោះចេញពីមងនេសាទ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្ថានភាពសុខភាពទន់ខ្សោយជាខ្លាំង។

ផ្អែកលើលទ្ធផលកោសល្យវិនិច្ឆយលើស្នាមរបួស មន្ត្រីជំនាញសន្និដ្ឋានថា សត្វផ្សោតនេះអាចបាត់បង់ជីវិតដោយសារទាក់ជាប់សន្ទូចរនងជាមុនសិន រួចទើបមកជាប់នឹងមងនេសាទបន្ថែមទៀត ហើយក្រោយមកក៏ត្រូវបានរកឃើញអណ្តែតស្លាប់នៅទីតាំងខាងលើ។

នេះជាករណីសត្វផ្សោតស្លាប់ដោយសារកត្តាមនុស្សលើកដំបូងក្នុងរយៈពេល ២០ខែចុងក្រោយនេះ។ កាលពីដើមខែឧសភាឆ្នាំនេះ មានករណីផ្សោតស្លាប់មួយក្បាលដែរនៅខេត្តក្រចេះ ប៉ុន្តែការធ្វើកោសល្យវិច័យបញ្ជាក់ថា ជាការស្លាប់ដោយចាស់ជរា។ គិតត្រឹមចុងខែមីនាឆ្នាំនេះ ផ្សោតទន្លេមេគង្គនៅកម្ពុជាមានចំនួន ១១៧ក្បាល។

ក្រសួងកសិកម្មបានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ធនធានជលផលដ៏កម្រនេះ ហើយណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបរបរនេសាទ ត្រូវបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ និងបន្តចូលរួមការពារសត្វផ្សោតទន្លេមេគង្គ ដើម្បីធានាឱ្យបាននូវការគង់វង្សនៃសត្វផ្សោតដែលនៅសេសសល់សម្រាប់កូនចៅជំនាន់ក្រោយ។

សត្វផ្សោតត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ មានតម្លៃផ្នែកទេសចរណ៍ ដែលនាំមកនូវកិត្យានុភាពសម្រាប់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ការងារគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ គឺជាការងារអាទិភាពមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្មអំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ច ប្រសិនបើប្រទះឃើញសត្វផ្សោតរងគ្រោះ ឬសកម្មភាពនេសាទល្មើសច្បាប់ ដើម្បីអាចចាត់វិធានការជួយសង្គ្រោះ និងការពារបានទាន់ពេលវេលា។ លោកអ្នកអាចផ្តល់ព័ត៌មានទៅសមត្ថកិច្ចជលផល តាមរយៈខ្សែទូរស័ព្ទលេខ៖ ០១២ ៨៩៧ ៩៤៣ ឬ ០១១ ៣៥៥ ៨៨៣៕

ដោយ ៖ ទុង សុខលីម

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា