ផ្ទាំងសិលាចារឹកអាយុកាលជិត ១,០០០ ឆ្នាំ កំពុងលាក់ខ្លួនក្នុងប្រាសាទបន្ទាយប្រី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ទាំងសិលាចារឹកអាយុកាលជិត ១,០០០ ឆ្នាំ កំពុងលាក់ខ្លួនក្នុងប្រាសាទបន្ទាយប្រី

ផ្ទាំងសិលាចារឹកអាយុកាលជិត ១,០០០ ឆ្នាំ កំពុងលាក់ខ្លួនក្នុងប្រាសាទបន្ទាយប្រី

លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់ក្នុងតំបន់អង្គរ ប្រាសាទបន្ទាយប្រី មិនត្រឹមតែជានិមិត្តរូបនៃស្ថាបត្យកម្មដ៏ប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជារតនសម្បត្តិប្រវត្តិសាស្ត្រ ដែលរក្សាទុកនូវផ្ទាំងសិលាចារឹកអាយុកាលជិត ១,០០០ ឆ្នាំ ឆ្លុះបញ្ចាំងពីព្រលឹង និងរចនាសម្ព័ន្ធសង្គមខ្មែរបុរាណផងដែរ។

ស្ថិតក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ប្រាសាទបន្ទាយប្រី គឺជាសំណង់សាសនាដ៏ស្ងប់ស្ងាត់មួយដែលលាក់ខ្លួនយ៉ាងមានមន្តស្នេហ៍។ ប្រាសាទបុរាណមួយនេះ មិនត្រឹមតែជានិមិត្តរូបនៃស្ថាបត្យកម្មដ៏ប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងដែលបង្ហាញពីកិច្ចសន្ទនាដ៏ល្អឥតខ្ចោះរវាងសំណង់បុរាណ និងទេសភាពវប្បធម៌ជុំវិញ ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរ និងអ្នកសិក្សាស្រាវជ្រាវយ៉ាងជ្រាលជ្រៅ។

អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់នៅថ្ងៃចន្ទ ទី ២៧ កក្កដានេះថា លើផ្នែកភូមិសាស្ត្រ ប្រាសាទបន្ទាយប្រីមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ប្រាសាទដ៏ចំណាស់មួយនេះ ត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយក្នុងព្រះពុទ្ធសាសនាមហាយាន តាមរយៈរចនាបថបាយ័នដ៏រស់រវើក។

ទោះបីជាសំណង់ប្រាសាទនេះមានទំហំតូចល្មម និងពុំសូវមានសិលាចារឹករៀបរាប់វែងឆ្ងាយដូចប្រាសាទធំៗដទៃទៀតក្តី ប៉ុន្តែតម្លៃប្រវត្តិសាស្ត្រដែលលាក់ខ្លួននៅលើស៊ុមទ្វារ គឺពិតជាមានសារៈសំខាន់ជាសារវន្ត។ អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានសង្កត់ធ្ងន់ថា ផ្ទាំងសិលាចារឹកខ្លីៗទាំងនោះ គឺជាតម្រុយប្រវត្តិសាស្ត្រដ៏វិសេសវិសាលក្នុងការស្វែងយល់ពីព្រលឹង និងរចនាសម្ព័ន្ធសង្គមសម័យនោះ។

លទ្ធផលនៃការសិក្សាស្រាវជ្រាវលើសិលាចារឹកលេខ K.526 ដែលមានកម្រាស់ ៤បន្ទាត់ បានផ្តល់ព័ត៌មានយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រអំពីអត្តសញ្ញាណរបស់បុគ្គលជាន់ខ្ពស់ ដែលមានសទ្ធាជ្រះថ្លាក្នុងការស្ថាបនាសំណង់សាសនានេះ គឺព្រះអង្គម្ចាស់ រាជសិល្បិ ជាអ្នកស្ថាបនា។

Advertisement

ស្ថាបត្យកម្មដែលសង់ឡើងពីថ្មភក់នៃប្រាសាទបន្ទាយប្រី បានឈរជើងយ៉ាងរឹងមាំឆ្លងកាត់ការសឹករេចរិល ដោយសារអាយុកាលរាប់រយឆ្នាំ និងអាកាសធាតុ។ នាពេលបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញបាននិងកំពុងដំណើរការការងារអភិរក្ស ស្រាវជ្រាវ ធ្វើសម្រង់ប្លង់ និងធ្វើកំណាយ ដើម្បីស្វែងរកបំណែកថ្មយកមកផ្គុំឡើងវិញតាមបច្ចេកទេសបុរាណវិទ្យា។

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា កិច្ចការនេះ មិនត្រឹមតែដាស់ព្រលឹងស្ថាបត្យកម្មខ្មែរឱ្យរស់ឡើងវិញ និងរក្សាបាននូវសមតុល្យទេសភាពវប្បធម៌ជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបន្សល់ទុកនូវមរតកចំណេះដឹង និងសម្បត្តិបេតិកភណ្ឌដ៏វិសេសវិសាល សម្រាប់អ្នកសិក្សាស្វែងយល់ និងមនុស្សជាតិជំនាន់ក្រោយៗតទៅមុខទៀត៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា