រដ្ឋាភិបាលណែនាំក្រសួងពាក់ព័ន្ធចុះអន្តរាគមន៍បន្ទាន់ ខណៈស្រូវជាង២០ម៉ឺនហិកតារងគ្រោះរាំងស្ងួត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលណែនាំក្រសួងពាក់ព័ន្ធចុះអន្តរាគមន៍បន្ទាន់ ខណៈស្រូវជាង២០ម៉ឺនហិកតារងគ្រោះរាំងស្ងួត

រដ្ឋាភិបាលណែនាំក្រសួងពាក់ព័ន្ធចុះអន្តរាគមន៍បន្ទាន់ ខណៈស្រូវជាង២០ម៉ឺនហិកតារងគ្រោះរាំងស្ងួត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រសួងធនធានទឹក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈ និងបញ្ចេញមធ្យោបាយចាំបាច់ទាំងអស់ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ និងស្រែស្រូវឱ្យបានទាន់ពេលវេលា។​
 
ការចេញបទបញ្ជានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦បន្ទាប់ពីកម្ពុជាជួបគ្រោះរាំងស្ងួតរយៈពេល២សប្តាហ៍កន្លងទៅ បានបណ្តាលឱ្យប៉ះពាល់ដំណាំស្រូវសរុបចំនួនជាង២០ម៉ឺនហិកតា ក្នុងខេត្តចំនួន៦រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ ​ខណៈស្រូវខូចខាតទាំងស្រុងមានចំនួនជាង១ម៉ឺនហិកតា។ ខេត្តបាត់ដំបងរងផលប៉ះពាល់ធ្ងន់ជាងគេ រហូតដល់ជាង១១ម៉ឺនហិកតា។​
 
តែយ៉ាងណាមិញ លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងចំណោមស្រូវជាង២០ម៉ឺនហិកតាជួបផលប៉ះពាល់ដោយសារខ្វះខាតទឹក អាជ្ញាធរ និងសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍បូមទឹកសង្គ្រោះចំពោះស្រែបានចំនួនជាង១១ម៉ឺនហិកតា។
 
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សាសម្រាប់ប្រជាកសិករ ក្នុងភូមិកាច់រទេះ ភូមិអូរទូក និងភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។​
 
ឯកឧត្តម គន់ គីម បានសម្របសម្រួលជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីបន្តអនុវត្តបែងចែកទឹកពីសំណង់ស្ទាក់ទឹកផ្នែកខាងលើសម្រាប់សង្គ្រោះដំណាំរបស់ប្រជាកសិករ។
 
កម្ពុជារងគ្រោះរាំងស្ងួត ដោយសារតែកម្ពុជាជួបបាតុភូតអែលនីញ៉ូ (El Niño) ដែលអាចឱ្យសីតុណ្ហភាពកាន់តែក្តៅខ្លាំង ស្ងួតហែងអូសបន្លាយ ការថយចុះនៃបរិមាណទឹកភ្លៀង ព្រមទាំងការកើនឡើងភ្លើងឆេះព្រៃ។
 
គិតត្រឹមឆ្នាំ២០២៥ កម្ពុជាមានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ២ ៣៥៤ប្រព័ន្ធ មានលទ្ធភាពស្រោចស្រពបានប្រមាណចំនួនជាង២លានហិកតា  ក្នុងនោះស្រូវវស្សាជាង១លាន៤សែនហិកតា និងស្រូវប្រាំងចំនួនជាង៦០ម៉ឺនហិកតា  និងដំណាំរួមផ្សំចំនួនជាង១ម៉ឺន២ពាន់ហិកតា។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានអាងស្តុកទឹកចំនួន ១ ៦៥៩អាង ដែលមានសមត្ថភាពស្តុកទឹកអតិបរមាប្រមាណ ៤ ០០០លានម៉ែត្រគូប៕

Advertisement

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា