CMAC បានស្រង់គ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៤១គ្រាប់ ពីបាតទន្លេនិងសមុទ្រ នៅឆមាសទី១ឆ្នាំ២០២៦​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CMAC បានស្រង់គ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៤១គ្រាប់ ពីបាតទន្លេនិងសមុទ្រ នៅឆមាសទី១ឆ្នាំ២០២៦​

CMAC បានស្រង់គ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៤១គ្រាប់ ពីបាតទន្លេនិងសមុទ្រ នៅឆមាសទី១ឆ្នាំ២០២៦​

ឯកឧត្តម ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានបញ្ជាក់ថា CMAC បានរុក​រកឃើញ និងស្រង់គ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ៥៤១គ្រាប់ និងស្រង់បន្ទះដែកនាវាលិច​បាតទន្លេ​ និងសមុទ្របានចំនួន ១ ៦៩៦គីឡូក្រាម ក្នុងត្រីមាសទី១ឆ្នាំ២០២៦នេះ។
 
ការបញ្ជាក់របស់អគ្គនាយក CMAC ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារកិច្ចប្រតិបត្តិការបោសសម្អាតស្រង់​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលបានលិចនៅបាតទន្លេ និងសមុទ្រ ប្រចាំឆមាសទី១ ក្នុងឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
 
ឯកឧត្តម ហេង រតនា បញ្ជាក់បន្ថែមថា គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៦នេះ ការរុករក​ឃើញ និងស្រង់គ្រាប់យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនជិត ២ម៉ឺន ៧ពាន់គ្រាប់ បន្ទះដែកនាវា និងអំបែងយុទ្ធភណ្ឌសង្គ្រាមសរុបចំនួនប្រមាណជាង ២៧៦តោន។ គ្រាប់យុទ្ធភណ្ឌទាំងនេះ​ ត្រូវបានធ្វើ​ការកម្ទេចចោលចំនួនជាង ១ម៉ឺន ៥ពាន់​គ្រាប់ និងដោះបន្សាបបានចំនួន​ជាង ៨ពាន់គ្រាប់។
 
អគ្គនាយក CMAC រូបនេះបានគូសបញ្ជាក់ថា​ ការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់បំណែកនាវាដែលលិចនៅបាតទន្លេ មិនត្រឹមតែបានចូលរួមលុបបំបាត់ហានិភ័យដែលបន្សល់ពីសង្គ្រាម និងការពារសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវទន្លេ និងផ្លូវសមុទ្រ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស។
 
លោកបន្ថែមថា ការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបើកផ្លូវទឹកឱ្យមានសុវត្ថិភាពក៏បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ការធ្វើពាណិជ្ជកម្ម ការ​នេសាទ ទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ក្នុង​ការលើកកម្ពស់សុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិផងដែរ៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា