អ៊ីរ៉ង់ ប្រកាសចេញមុខជួយស្វែងរកសន្តិភាពឲ្យគូជម្លោះ អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ប្រកាសចេញមុខជួយស្វែងរកសន្តិភាពឲ្យគូជម្លោះ អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី

អ៊ីរ៉ង់ ប្រកាសចេញមុខជួយស្វែងរកសន្តិភាពឲ្យគូជម្លោះ អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់មានឆន្ទៈធ្វើជាអ្នកសម្របសម្រួលបញ្ចប់ជម្លោះប្រដាប់អាវុធរវាងក្រុមហ៊ូធី និងប្រទេសអារ៉ាប៊ីសាអូឌីត ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei កាលពីថ្ងៃអាទិត្យ ។

Advertisement

ការចេញមុខដើរតួជាអ្នកស្វែងរកសន្តិភាពពីសំណាក់ប្រទេសដែលកំពុងមានសង្គ្រាមខ្លួនឯងមួយនេះ បានធ្វើឡើង បន្ទាប់ពីគូជម្លោះ ហ៊ូធី នៅប្រទេសយេម៉ែន និង អារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារតបតគ្នាទៅវិញទៅមក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺ ក្រោយពេលក្រុមប្រដាប់អាវុធដែលគេជឿថា មានអ៊ីរ៉ង់នៅពីក្រោយខ្នង បានប្រកាសបិទច្រកសមុទ្រ Bab al-Mandab ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei ប្រាប់កាសែត Iran Daily ថា ការវិលត្រឡប់ទៅរកផ្លូវនៃការសន្ទនា និងការអនុវត្តពេញលេញនូវផែនទីបង្ហាញផ្លូវ ដែលបានព្រមព្រៀងគ្នា គឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ទុក្ខវេទនារបស់ប្រជាជនយេម៉ែន និងរក្សាសន្តិសុខ ក៏ដូចជា ស្ថិរភាពនៅក្នុងតំបន់ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់ដែរថា ការវាយប្រហារគ្នា រវាងក្រុមហ៊ូធី និងអារ៉ាប៊ីសាអូឌីត មិនអាចចោទប្រកាន់ថា បណ្តាលមកពីអ៊ីរ៉ង់បានទេ ហើយថា ហេតុការណ៍នានា នៅច្រកសមុទ្រ Bab al-Mandab គឺ មានប្រភពចេញពីជម្លោះ និងបញ្ហាដែលមានស្រាប់រវាងយេម៉ែន, អារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសក្នុងតំបន់ ជាយូរយារណាស់មកហើយ ។

ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បង្ហាញការជឿជាក់ដែរថា ជម្រើសយោធា មិនអាចដោះស្រាយបញ្ហានៅយេម៉ែន, ច្រកសមុទ្រ Bab al-Mandab និង បញ្ហាតំបន់ផ្សេងទៀតនោះទេ ដោយលោកបានអំពាវនាវឱ្យមានកិច្ចសន្ទនាជាដាច់ខាត ។

បើតាម The defense post, ជម្លោះរវាងក្រុមហ៊ូធីនៅយេម៉ែន និងប្រទេសអារ៉ាប៊ី សាអូឌីត ធ្លាប់បានស្ងប់ស្ងាត់ជាច្រើនលើកច្រើនសារមកហើយ ចាប់តាំងពីមានបទឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០២២ ។

យ៉ាងណា ជម្លោះមួយនេះបានផ្ទុះឡើងជាថ្មីនៅខែកក្កដានេះ នៅពេលដែលក្រុមហ៊ូធីបានប្រកាសបិទផ្លូវដឹកជញ្ជូន នៅកំពង់ផែអារ៉ាប៊ីសាអូឌីត និង អះអាងថា បានវាយប្រហារលើនាវាដឹកប្រេង ។

ការបិទផ្លូវដឹកជញ្ជូននេះបានគំរាមកំហែងដល់សមត្ថភាពរបស់ អារ៉ាប៊ីសាអូឌីត ក្នុងការដឹកជញ្ជូនទំនិញ ទៅកាន់ពិភពលោក ពោលគឺបន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវសមុទ្រតែមួយគត់របស់ប្រទេសឈូងសមុទ្រមួយនេះ ៕

ប្រភព ៖ thedefensepost, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា