សម្តេចប្រធានរដ្ឋសភាដឹកនាំប្រតិភូរដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីពង្រឹងមិត្តភាពប្រទេសទាំងពីរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចប្រធានរដ្ឋសភាដឹកនាំប្រតិភូរដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីពង្រឹងមិត្តភាពប្រទេសទាំងពីរ

សម្តេចប្រធានរដ្ឋសភាដឹកនាំប្រតិភូរដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីពង្រឹងមិត្តភាពប្រទេសទាំងពីរ

កណ្ដាល៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្ដាល នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ។

Advertisement

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ។

សមាសភាពអមដំណើរសម្តេចប្រធានរដ្ឋសភា មាន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និង ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការង រដ្ឋសភា ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា។

តាមគម្រោង ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភា គ្រោងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស និងជាប្រធានរដ្ឋវៀតណាម ជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងជួបសម្តែងការគួរសមជាមួយឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ។

ជាមួយគ្នានេះ ក្នុងកម្រិតគណៈកម្មការជំនាញ នៃរដ្ឋសភាប្រទេសទាំងពីរ សមាជិកគណៈប្រតិភូ ដែលអមដំណើរសម្តេចប្រធានរដ្ឋសភា នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីវៀតណាម ក្នុងការចែករំលែកព័ត៌មាន ផ្លាស់ប្តូរបទពិសោធជាមួយគ្នាផងដែរ។

ក្រៅពីនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចប្រធានរដ្ឋសភា ក៏គ្រោងអញ្ជើញទស្សនកិច្ចទីតាំងសំខាន់ៗ រួមមាន៖ តំបន់ឧស្សាហកម្ម តំបន់វប្បធម៌ ទេសចរណ៍ និងមន្ទីរពេទ្យនៃប្រទេសវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ក៏ដូចជាដើម្បីពង្រឹងវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សេវាសុខាភិបាល សំដៅបម្រើឧត្តមប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរបន្ថែមទៀត ។

គួរបញ្ជាក់ថា ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំ១៩៦៧ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្រោមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី»។ ទំនាក់ទំនងនេះត្រូវបានសង្កត់ធ្ងន់ថាជាកត្តាមិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន ។

ដោយឡែកទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ សម្រេចបានក្នុងទឹកប្រាក់ជាង ៤,៧ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា