អគ្គនាយកដ្ឋានព្រំដែន៖ ច្រកអានសេះជាដែនអធិបតេយ្យរបស់កម្ពុជា រីឯការគូសផែនទីថ្មីរបស់ថៃ គឺជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គនាយកដ្ឋានព្រំដែន៖ ច្រកអានសេះជាដែនអធិបតេយ្យរបស់កម្ពុជា រីឯការគូសផែនទីថ្មីរបស់ថៃ គឺជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

អគ្គនាយកដ្ឋានព្រំដែន៖ ច្រកអានសេះជាដែនអធិបតេយ្យរបស់កម្ពុជា រីឯការគូសផែនទីថ្មីរបស់ថៃ គឺជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ

នៅក្នុងកិច្ចសម្ភាសន៍នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រ៊ី បូរ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានលើកឡើងថា តំបន់ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងឃុំចោមសាន្ត ស្រុកចោមសាន្ត ខេត្តព្រះវិហារ ជារបស់កម្ពុជាយ៉ាងពិតប្រាកដ ដោយមានសំអាងលើផ្លូវច្បាប់ និងផែនទីប្រវត្តិសាស្ត្រ តែត្រូវបានភាគីយោធាថៃរំលោភបំពានជាបន្តបន្ទាប់។

Advertisement

នាឱកាសនោះផងដែរ ឯកឧត្តម ស្រ៊ី បូរ៉ា បានថ្លែងបន្តថា ខ្សែព្រំដែនកម្ពុជា-ថៃ ត្រូវបានខណ្ឌសីមាផ្លូវការតាំងពីសម័យបារាំង ផ្អែកលើអនុសញ្ញាឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីមាតដ្ឋាន ១/២០០.០០០ (សន្លឹកឃូង) ហើយច្រកអានសេះ គឺជាច្រកប្រពៃណីប្រវត្តិសាស្ត្រជាង ១០០ឆ្នាំ ហើយរដ្ឋាភិបាលទាំងពីរធ្លាប់បានព្រមព្រៀងដំឡើងជាច្រកអន្តរជាតិទៀតផង។ លើសពីនេះ ការប្រៀបធៀបតាមប្រព័ន្ធរណប រវាងផែនទីផ្លូវការកម្ពុជា និងផែនទីឯកតោភាគីរបស់ថៃ (ស៊េរី L7017) បង្ហាញថាខ្សែព្រំដែននៃផែនទីទាំងពីរស្ទើរតែដូចគ្នាទាំងស្រុង ដោយបញ្ជាក់យ៉ាងច្បាស់ថា តំបន់ច្រកអានសេះ គឺស្ថិតក្នុងទឹកដីកម្ពុជាទាំងស្រុង។

ទន្ទឹមនឹងនេះ ឯកឧត្តម ស្រ៊ី បូរ៉ា បានលើកឡើងពីសកម្មភាពរំលោភបំពានធ្ងន់ធ្ងរពីសំណាក់ភាគីថៃ ដោយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានចូលមកបំផ្លាញរូបសំណាកព្រះវិស្ណុ ហើយសាងសង់រូបព្រះពុទ្ធជំនួសវិញ នៅទីតាំងដែលស្ថិតក្នុងទឹកដីកម្ពុជាជម្រៅប្រមាណ ៥០០ម៉ែត្រ បើគិតចាប់ពីខ្សែព្រំដែនឯកតោភាគីរបស់ថៃខ្លួនឯង។ លើសពីនេះ ទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ភាគីថៃ រួមមានកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងជនស៊ីវិល នៅតែបន្តចូលមកធ្វើសកម្មភាពខុសច្បាប់ក្នុងទឹកដីកម្ពុជា ដូចជាការសាងសង់រូបព្រះ ការដាក់បន្លាលួស និងការដាក់ទូកុងតឺន័របាំងផ្លូវផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ស្រ៊ី បូរ៉ា ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នយោធាថៃកំពុងព្យាយាមគូសផែនទីថ្មីមួយទៀត ដើម្បីបញ្ចូលទីតាំងដែលខ្លួនកាន់កាប់ដោយខុសច្បាប់នេះទៅក្នុងទឹកដីថៃ ហើយជុំវិញបញ្ហានេះ កម្ពុជាបានប្រកាសជំហរយ៉ាងម៉ឹងម៉ាត់ថាមិនទទួលយកជាដាច់ខាត ដោយបញ្ជាក់ថាទាំងផែនទី L7017 និងផែនទីថ្មីរបស់ថៃ សុទ្ធតែជាការធ្វើឡើងដោយឯកតោភាគី គ្មានតម្លៃ និងគ្មានអនុភាពតាមផ្លូវច្បាប់អន្តរជាតិឡើយ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា