ក្រសួងរៀបចំដែនដី ជំរុញការចុះបញ្ជីដីរដ្ឋបង្ហើយ និងអភិវឌ្ឍក្រុង៤ទៅជាសួន និងលំហសាធារណៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី ជំរុញការចុះបញ្ជីដីរដ្ឋបង្ហើយ និងអភិវឌ្ឍក្រុង៤ទៅជាសួន និងលំហសាធារណៈ

ក្រសួងរៀបចំដែនដី ជំរុញការចុះបញ្ជីដីរដ្ឋបង្ហើយ និងអភិវឌ្ឍក្រុង៤ទៅជាសួន និងលំហសាធារណៈ

ក្រសួងរៀបចំដែនដី បានដាក់ចេញទិសដៅចុះបញ្ជីដីរដ្ឋ ដែលនៅសេសសល់ទាំងអស់ ព្រមទាំងអភិវឌ្ឍក្រុងចំនួន ៤ ឱ្យក្លាយជាគំរូក្រុងបៃតង ដោយផ្តោតលើការបង្កើតសួន និងលំហសាធារណៈ។

ក្នុងនាមគណៈកម្មការរៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដីថ្នាក់ជាតិ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលការណ៍ចុះបញ្ជីដីរដ្ឋ ដែលនៅសេសសល់ជាចាំបាច់ ដើម្បីឈានទៅគ្រប់គ្រងដីរដ្ឋឱ្យបានពេញលេញ និងកសាងផែនការរៀបចំក្រុងនានា ដោយប្រែក្លាយទីតាំងសក្តានុពលនៅតាមក្រុងនីមួយៗទៅជាសួន និងលំហសាធារណៈ ដោយចាប់ផ្តើមពីក្រុងចំនួន៤។ ​

ក្នុងកិច្ចប្រជុំផ្ទៃក្នុងស្តីពីការងារផែនការរៀបចំក្រុងទូទាំងប្រទេស និងការចុះបញ្ជីដីរដ្ឋ ដែលរៀបចំឡើងនៅទីស្តីការក្រសួង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​បានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូង ក្រសួងបានជ្រើសរើសក្រុងចំនួន ៤ សម្រាប់សិក្សា និងរៀបចំអភិវឌ្ឍន៍ទៅតាមសក្តានុពលរបស់ក្រុងនីមួយៗ ក្នុងនោះមាន៖

ក្រុងដូនកែវ ខេត្តតាកែវ ដែលជាទីក្រុងទឹក និងជាប្រភពទឹកដ៏សំខាន់ ដូចជាបឹងតាកែវ និងព្រៃលិចទឹកជាមរតកពីធម្មជាតិ ដែលត្រូវរៀបចំជាលំហសាធារណៈ។ ចំណែកក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានស្ទឹងសេរីសោភ័ណ ភ្នំជញ្ជាំង ភ្នំបាក់ ភ្នំខ្លាកូន ភ្នំកងវ៉ា ភ្នំស្វាយ គឺសក្តិសមជាលំហសាធារណៈធម្មជាតិដ៏ស្រស់បំព្រង។

Advertisement

ដោយឡែក ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានភ្នំត្បែង ទំនប់៩៥ ស្រះឈូក និងស្រះសង់ដាកើយ ដែលជា​អំណយផលសម្រាប់អភិវឌ្ឍជាលំហធម្មជាតិ ឧទ្យាន និងតំបន់អភិរក្ស។ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងវិញ មានភ្នំនាងកង្រីជាសម្បត្តិបេតិកភណ្ឌដ៍មានតម្លៃ បឹងធំ និងប្រព័ន្ធអាងទឹកខ្សាម ដែលជាតំបន់អាងស្តុកទឹកធម្មជាតិ និងតំបន់ពាណិជ្ជកម្មទេសចរណ៍ បូករួមជាមួយសួនសម្តេចចៅហ្វាវាំង គង់ សំអុល ជាលំហសាធារណៈដ៏សំខាន់ផងដែរ។

គម្រោងអភិវឌ្ឍទីក្រុងទាំង ៤ នេះ គឺជាជំហានទី១ ដែលអាចក្លាយជាគំរូសម្រាប់ការរៀបចំ និងអភិវឌ្ឍទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ការរៀបចំដែនដី គឺត្រូវមើលលើសក្តានុពលជារួម មិនមែនផ្តោតតែលើបំណែកណាមួយរបស់ក្រុងនោះទេ ដោយត្រូវធានាឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ ការអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់លំហសាធារណៈ។ ឯកឧត្តមសង្កត់ធ្ងន់ថា គោលការណ៍របស់ក្រសួងតទៅមុខទៀត គឺទាមទារឲ្យការដឹកនាំមានលក្ខណៈជាសមូហភាព និងត្រូវមានភាពទទួលខុសត្រូវក្នុងមុខងាររបស់ខ្លួន៕​



អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា