កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានគុណតម្លៃ និងផ្តល់ផលប្រយោជន៍ជាច្រើន ដល់ពលរដ្ឋទាំងសងខាង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានគុណតម្លៃ និងផ្តល់ផលប្រយោជន៍ជាច្រើន ដល់ពលរដ្ឋទាំងសងខាង

កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានគុណតម្លៃ និងផ្តល់ផលប្រយោជន៍ជាច្រើន ដល់ពលរដ្ឋទាំងសងខាង

វៀតណាម៖ ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងពង្រីកការងារការទូតសភា ទំនាក់ទំនងប្រជាជន និងប្រជាជន ក៏ដូចជា ជំរុញវិស័យពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍ អប់រំ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ ជាដើម ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជូនពលរដ្ឋនៃប្រទេសទាំងពីរ ។

Advertisement

ជំនួបរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រព្រឹត្តទៅនៅវិមានរដ្ឋសភាវៀតណាម ទីក្រុងហាណូយ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។

នៅក្នុងជំនួបនេះ ឯកឧត្តម ជិន ថាញ់មិន ក្នុងនាមរដ្ឋសភា និងប្រជាជនវៀតណាម បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ ។ ឯកឧត្តម បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានាឱកាសនេះ ពិតជាឆ្លុះបញ្ចាំង នូវទំនុកចិត្តជ្រាលជ្រៅលើផ្នែកនយោបាយប្រទេសទាំងពីរ។ ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឯកឧត្តមធ្លាប់បានអញ្ជើញទស្សនកិច្ចជាច្រើនលើកនៅ ព្រះរាជាណាចក្រកម្ពុជា ហើយបានសង្កេតឃើញ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន ឥតឈប់ឈររបស់កម្ពុជា ។

ជាមួយនេះ ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេងប្រកបដោយថាមវន្ត ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ ឈានឆ្ពោះសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ។

នៅក្នុងឱកាសនេះ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កិច្ចសហការយ៉ាងល្អ និងជាប្រពៃណី នៃរដ្ឋសភាប្រទេសទាំងពីរ ជាសក្ខីភាពបង្ហាញពីស្មារតី «សាមគ្គីភាព បង្កើតជាកម្លាំង កិច្ចសហប្រតិបត្តិការបង្កើតបានជាផលប្រយោជន៍ និងការសន្ទនា ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ» ស្របតាមផែនការកុងសង់សុសកម្រិតខ្ពស់ សម្រាប់ឆ្នាំ២០២៦ សំដៅនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ។

សម្តេចប្រធានរដ្ឋសភា ក៏បានស្នើភាគីវៀតណាម ពិនិត្យលទ្ធភាពក្នុងការកែសម្រួល និងចុះហត្ថលេខាជាថ្មីលើអនុស្សរណៈនៃការយោគយល់នៃរដ្ឋសភាប្រទេសទាំងពីរ ឆ្លើយតបបរិបទបច្ចុប្បន្ន និងជាតម្រូវការពលរដ្ឋជាក់ស្តែង។ សម្តេច ក៏បានស្នើភាគីទាំងពីរ បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងរដ្ឋសភា ប្រទេសទាំងពីរផងដែរ។ សំណើនេះ បានទទួលការឯកភាពពីឯកឧត្តមប្រធានរដ្ឋសភា នឹងបានស្នើឱ្យគណៈកម្មការជំនាញរដ្ឋសភាប្រទេសទំាងពីរ សិក្សា ធ្វើវិសោធនកម្ម អនុស្សរណៈនោះ ដើម្បីរៀបចំពិធីចុះហត្ថលេខានាពេលអនាគត ។

ប្រធានរដ្ឋសភាទាំងពីរ បានចែករំលែកព័ត៌មានជាមួយគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាល ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ការទូតសភាដើរតួនាទីយ៉ាងសកម្ម ក្នុងការបំពេញបន្ថែមដល់ការទូតរដ្ឋ និងការទូតបក្ស ដោយធានានូវសង្គតភាព និងភាពបត់បែន ដើម្បីជម្នះព្យុះភ្លៀងនៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចតំបន់ និងសកល ដែលមានការវិវឌ្ឍប្រែប្រួលប្រកបដោយភាពស្មុគស្មាញ មិនប្រាកដប្រជា និងហានិភ័យខ្ពស់ ធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិភាពសកល និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ពិភពលោក តាមរយៈវប្បធម៌សន្ទនា ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិជាមូលដ្ឋាន ។

រដ្ឋសភាប្រទេសទំាងពីរឯកភាពគ្នាក្នុងការពង្រឹងបន្ថែមចំពោះកិច្ចសហប្រតិបត្តិការគ្រប់កម្រិតដូចជា ក្នុងក្របខណ្ឌក្រុមមិត្តភាព គណៈកម្មការជំនាញ ក្រុមសមាជិកសភាជាស្រ្តី សមាជិកសភាវ័យក្មេង ក៏ដូចជាកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា ។ រដ្ឋសភាប្រទេសទំាងពីរ បន្តគំាទ្រគ្នានៅវេទិកាអន្តរសភាឱ្យកាន់តែសកម្ម ដោយយកពលរដ្ឋជាស្នូល។ វៀតណាម សន្យាចូលរួមគាំទ្រដល់ការទទួលរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ របស់កម្ពុជា នាចុងឆ្នាំនេះ ឱ្យសម្រេចបានជោគជ័យ។

សម្តេចបន្ថែមថា កម្ពុជា កំពុងប្រែឧបសគ្គពីខាងក្រៅ ដូចជា ជម្លោះព្រំដែន ពីការឈ្លានពានរបស់ប្រទេសជិតខាង ក៏ដូចជា វិបត្តិសកលនោះ កម្ពុជា កំពុងកសាងភាពធន់ជាតិ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឈានឆ្ពោះទៅការសម្រេចគោលដៅរបស់ខ្លួន។ សម្តេចបានស្នើឱ្យភាគីវៀតណាម ជំរុញអ្នកវិនិយោគ និងអ្នកទេសចរទៅកម្ពុជាឱ្យបានកាន់តែច្រើន ។ សម្តេច ក៏បានស្នើសុំរដ្ឋសភាវៀតណាម គាំទ្រលើការធ្វើទំនើបកម្មរដ្ឋសភាកម្ពុជា ជាសភាឌីជីថល ផងដែរ ។

ឯកឧត្តម ជិន ថាញ់មិន បានបញ្ជាក់ថា ភាគីវៀតណាម គោរព និងឱ្យតម្លៃខ្ពស់បំផុត លើទំនាក់ទំនងជាមួយកម្ពុជា ដោយចាត់ទុកថា ជាទំនាក់ទំនងដ៏ពិសេស។ រដ្ឋសភាវៀតណាម នឹងប្តេជ្ញាក្នុងការសម្រេចឱ្យបាននូវរាល់គោលការណ៍ និងកិច្ចព្រមព្រៀងនានា ដែលបក្ស និងរដ្ឋប្រទេសទាំងពីរ បានឯកភាពគ្នា រួមមាន ការងារការទូត ការទូតសភា ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ អប់រំ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដើម្បីពង្រឹងភាពជាដៃគូ ការបំពេញបន្ថែម និងវិបុលភាពរួម ៕

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា